(កំពង់ស្ពឺ)៖ ដេីម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារកំព្រា-កុមារផ្ទុកមេរោគអេដស៍ ចំនួន១២២នាក់ និងបុគ្គលិកចំនួន៣៣នាក់ នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ដែលស្ថិតនៅភូមិសុបិន្ដ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះក្មួយៗចៅៗទាំងអស់។

ជាពិសេសលោកស្រី ពុំ ចន្ទីនី ក៏បាននាំនូវការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចន តាកឺ ម្ចាស់មូលនិធិ និងជាទីប្រឹក្សារបស់អង្គការ ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស និងបុគ្គលិកទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តជួយចិញ្ចឹមបីបាច់ ផ្តល់ក្តីសង្ឃឹម ភាពកក់ក្តៅ និងការអប់រំដល់កុមារទាំងអស់ ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់មានយុវជនជាច្រេីនបានសិក្សាចប់ថ្នាក់មហាវិទ្យាល័យ និងជំនាញផ្សេងៗ មានសមត្ថភាពរកការងារធ្វេីសមរម្យ អាចចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ ស្មេីមុខស្មេីមាត់នៅក្នុងសង្គម។

ទន្ទឹមនឹងនេះ លោកស្រី បានផ្តាំផ្ញេីដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហេីយត្រូវខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ជាពិសេសត្រូវរស់នៅមានអនាម័យ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដេីម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ជាកិច្ចឆ្លេីយតប លោក ចន តាកឺ តំណាងឲ្យអង្គការក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា និងជំនួសមុខឲ្យកុមារ-បុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឲ្យសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយជាច្រេីនមកផ្តល់ជូននាពេលនេះ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ដល់កុមាររងគ្រោះទាំងអស់ ដែលអាចធ្វេីឲ្យកុមារអាចរស់នៅបានដោយសុខភាពល្អដូចមនុស្សធម្មតា និងជាទំពាំងស្នងឬស្សីនាពេលអនាគត។

លោក ចន តាកឺ បានថ្លែងដោយមោទនភាពថា «គ្មានកុមារណាម្នាក់ គ្មានបុគ្គលិកណាម្នាក់ នៃអង្គការដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡេីយ។ កុមារ និងបុគ្គលិកទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩។ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនបានច្រេីនជាងគេបំផុត ដែលមិនមែនជារឿងចៃដន្យឡេីយ ដែលនេះបានបង្ហាញពីមគ្គុទេសក៍ដឹកនាំដ៏ឆ្នេីម និងផែនការយុទ្ធសាស្ត្រច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថា អំណោយផ្តល់ជូនអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា រួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ៥កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៉ីវ១០យួរ, អំបិល២០០គីឡូក្រាម, ប្រេងឆា២កេស, ទឹកភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធ ២០កេស, កន្ត្រៃកាត់ក្រចក ៥កំប៉ុង, តំបៀត ៥កំប៉ុង, ច្រាស់ដុសធ្មេញ ២កេស, ម៉ាស់ ២កេស, ជែល ៥កេស, សម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩ និងថវិកាចំនួន៥លានរៀល។ ដោយឡែក ផ្តល់ជូនបុគ្គលិកចំនួន៣៣នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល៕