(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មានកត្តា៥យ៉ាង ដែលបានជួយឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរទៅដល់ក្រុងសៀមរាបអង្គរ ដើម្បីចូលរួមលេងអង្គរសង្រ្កាន្ត។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកកម្មវិធីអង្គរសង្រ្កាន្តនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កត្តាទាំង ៥នោះរួមមាន៖ សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ ប្រាក់ចំណូល និងការរួមគ្នារៀបចំរវាងក្រុមយុវជន និងអាជ្ញាធរ។

សម្តេចតេជោ បានពន្យល់បន្ថែមថា សន្តិភាពបាននាំមកនូវការរស់រានមានជីវិត បំបាត់ការភ័យខ្លាច នៃសង្រ្គាម ការអភិវឌ្ឍ បង្កើនជីវភាព កាត់បន្ថយភាពក្រីក្រ។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា នៅពេលកម្ពុជាមិនទាន់បង្រួបបង្រួម និងបញ្ចប់សង្រ្គាមទាំងស្រុងនៅទសវត្សរ៍ឆ្នាំ៨០ និង៩០ ពលរដ្ឋកម្ពុជា មិនអាចធ្វើដំណើរទៅគ្រប់ទីកន្លែងបានឡើយ។

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវិញ សម្តេចតេជោ បានឲ្យដឹងថា ពីមុនគេមិនអាចធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប តាមផ្លូវគោកបាននោះឡើយ គឺត្រូវធ្វើដំណើរតាមផ្លូវទឹក ឬវាងតាមបាត់ដំបង និង បន្ទាយមានជ័យជាដើម។

ប្រជាពលរដ្ឋ ក៏មិនអាចធ្វើដំណើរទៅដល់សៀមរាបឡើយ ប្រសិនបើគ្មានមធ្យោបាយ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កំណើនយានយន្ត បានកើនឡើងច្រើន ផ្ទុយឆ្ងាយពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋរកតែទ្រនាប់ជើងពាក់ មិនបានផងនោះ៕