(ភ្នំពេញ)៖ លោក អេម៉ាណុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, លោកស្រី អង់ហ្គេឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់, លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន, លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប សរុប ៥១រូប ព្រមទាំងមេដឹកនាំមេដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផង នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ី-អឺរ៉ុប តំណាងឱ្យប្រជាពលរដ្ឋជាង ៥ពាន់លាននាក់ កម្ពុជាបានសម្រេចជ្រើសយកមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» មកជជែកក្នុងកិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃនេះ (២៥-២៦ វិច្ឆិកា)។

កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ គេរំពឹងថា មេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប នឹងពិភាក្សាអំពីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន៖ ១) អាស៊ី-អឺរ៉ុប ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រីសន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

គេក៏រំពឹងដែរថា មេដឹកនាំអាស៊ី-អឺរ៉ុប នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់អាស៊ី-អឺរ៉ុប។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ត្រូវបានចាត់ទុកជាវេទិកាក្រៅផ្លូវការតែមួយគត់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។

ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅខែមីនា ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ដែលមានរដ្ឋស្ថាបនិកត្រឹមតែ២៦ វេទិកានេះ បានពង្រីកសមាជិកភាពរបស់ខ្លួនដល់ទៅ ៥៣ប្រទេស និងដៃគូ រួមមាន៖ មាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។ បូកបញ្ចូលគ្នាទៅវេទិកា ASEM នេះ បានតំណាងឱ្យប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជន, ៥៥ភាគរយ នៃពាណិជ្ជកម្ម និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។

កម្ពុជាបានចូលរួមក្នុងយន្តការនេះចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៥ នាឆ្នាំ២០០៤ នៅប្រទេសវៀតណាម។ សម្រាប់កិច្ចប្រជុំកំពូលលើកទី១៣ នៅរសៀលថ្ងៃនេះ គឺជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ។ ដើមឡើយកិច្ចប្រជុំកំពូលនេះ គ្រោងធ្វើឡើងនៅឆ្នាំ២០២០ ហើយមេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប ក៏គ្រោងមកចូលរួមកិច្ចប្រជុំដោយផ្ទាល់នៅកម្ពុជាផងដែរ។ តែដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ កិច្ចប្រជុំត្រូវបានពន្យារពេលមកដល់ឆ្នាំ២០២១ ហើយត្រូវបានជំនួសដោយការប្រជុំតាមប្រព័ន្ធវីដេអូវិញ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយមក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ។

ការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ហើយក៏ជាមោទនភាពសម្រាប់ជាតិកម្ពុជាផងដែរ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ ជាឱកាសកម្ពុជាបង្ហាញនូវកេត្យានុភាព កិត្តិស័ព្ទ និងសមត្ថភាពរបស់ខ្លួនថា ប្រទេសដែលធ្លាប់តែញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាមពីអតីតកាលមួយនេះ បាននឹងកំពុងដើរតួនាទី ចូលរួមចំណែកយ៉ាងសំខាន់ដើម្បីដោះស្រាយបញ្ហាទាំងឡាយរបស់ពិភពលោក ហើយក៏បង្ហាញឱ្យឃើញពីការឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោកផងដែរ៕