(បាត់ដំបង)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យលទ្ធផលបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអ្នកទទួលផល នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមជំនួយមនុស្សធម៌ នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។

ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំនៅកម្ពុជា លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន ជាច្រើនរូប នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្ដេចតេជោ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយតំបន់អតីតសមរភូមិមានមីន ទៅជាតំបន់ដែលមានសុខសុវត្ថិភាព ក្នុងនោះការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់នាំមកនូវកិច្ចគាំពារសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍជូនប្រជាជន និងប្រទេសជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានចូលរួមគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈការអនុវត្ត គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាព។

លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពី១៩៩៣ នូវទឹកប្រាក់ប្រមាណជាង ១០០ដុល្លារអូស្ត្រាលី។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិស័យមីនកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះកិច្ចប្រតិបត្តិការបោសសម្អាតមីន ពោរពេញដោយបទពិសោធន៍ខ្ពស់។

ជាមួយគ្នានេះ ក្នុងពិធីសំណេះសំណាល ប្រជាពលរដ្ឋអ្នកទទួលផល បានបង្ហាញពីទឹកចិត្តសប្បារីករាយ និងបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាម្ចាស់ជំនួយ ដែលជួយបោសសម្អាតមីន នៅលើដីរបស់ពួកគាត់ ផ្តល់ការរស់នៅ និងការបង្កបង្កើនផលប្រកបដោយសុវត្ថិភាព ជាពិសេសជួយបង្កើនប្រាក់ចំណូលគ្រួសារក្នុងការទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ឆ្នាំ២០២១ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចូលរួមបោសសម្អាតផ្ទៃដីប្រមាណ ២៧៥គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រើប្រាស់ ដើម្បីបង្កបង្កើនផល និងសាងសង់លំនៅឋាន ដោយសហគមន៍ដែលរងផលប៉ះពាល់ព្រមទាំងបានរកឃើញ និងកំទេចគ្រាប់មីនប្រឆាំង មនុស្សចំនួន ៧១,៨៤៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១,៥១៥គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២១៤,៥៤២ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១,០៧៨,០២២នាក់ ដែលក្នុងនោះ ៥០% គឺជាអ្នកទទួលផលជាស្ត្រី៕