(សៀមរាប)៖ ភូមិចំនួន៣ នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេតសៀមរាប ទទួលបានផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែ ប្រវែង៣,៥គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង មកលើគុណភាពជីវិតរបស់អ្នកភូមិទនៅទីនេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា អ្នកភូមិស្រែចង្ហូត ភូមិថ្នល់ និងភូមិតានី នៃឃុំរុនតាឯក ត្រូវទ្រាំរស់នៅជាមួយនឹងភាពរំខាននៃផ្លូវគ្រួសក្រហម ដែលតែងតែមានដីហុយខ្លាំង ពិបាកដកដង្ហើម និងពោរពេញទៅដោយលម្អងធូលីដីគ្រប់ដណ្តប់កាន់ស្នឹមយ៉ាងក្រាស់នៅពីលើដំបូលផ្ទះនីមួយៗរបស់ពួកគាត់នាពេលកន្លងមក។

តាមរយៈ Facebook លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ពេលលោកបានមកដល់ភូមិទាំងនេះ ជាពិសេសភូមិស្រែចង្ហូត កាលពីពេលដំបូងៗដែលលោក ទើបបានមកបំពេញតួនាទីនៅក្នុងស្រុកបន្ទាយស្រី ហើយក៏បានឃើញពីសកម្មភាពដ៏រស់រវើក និងភាពអស្ចារ្យនៃសក្តានុពលខាងផ្នែកទេសចរណ៍របស់ភូមិបុរាណបែបនេះផងដែរ។ ភូមិទាំងអស់នេះ សុទ្ធសឹងតែជាភូមិបុរាណ ដែលមានអត្តសញ្ញាណរបស់ខ្លួន និងប្រពៃណីទំនៀមទម្លាប់យ៉ាងសម្បូណ៌បែបមិនចាញ់ភូមិព្រះដាក់ឡើយ តែវារំខានដោយសារបញ្ហាដីហ៊ុយ។

លោកអភិបាល បានបន្តទៀតថា ផ្ទះភាគច្រើនជាផ្ទះធ្វើពីឈើផុតពីដី មានដាំផ្កា ដាំដើមឈើហូបផ្លែ អ្នកស្រុកចេះចិញ្ចឹមជ្រូក គោក្របី មាន់ទា និងនៅក្រោយផ្ទះភាគច្រើនសុទ្ធតែមានវាលស្រែល្វឹងល្វើយពណ៌ខៀវស្រងាត់។ រីឯបុរសៗភាគច្រើនប្រកបរបរឡើងត្នោត និងផលិតស្ករត្នោត ចំណែកឯស្ត្រីៗវិញ ច្រើនផលិតស្មុគធ្វើពីស្លឹក បិតស្រា និងដុតក្រឡាន។ លោក ឃឹម ហ្វីណង់ តែងតែសង្ឃឹមថា ប្រសិនបើថ្ងៃណាមួយ ផ្លូវដែលឆ្លងកាត់ភូមិទាំងអស់នេះក្លាយជាផ្លូវក្រាលកៅស៊ូវិញ មិនដឹងជាមានអ្នកទេសចរមកលេងកម្សាន្តច្រើនប៉ុណ្ណាទេ។

ក្តីសង្ឃឹមរបស់លោកអភិបាលស្រុក ក៏បានក្លាយជាការពិត បើទោះជានៅសល់ផ្លូវឆ្លងកាត់ភូមិជាច្រើនទៀត ដែលស្ថិតនៅជាផ្លូវដីគ្រួសក្រហមនៅឡើយ ប៉ុន្តែផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះអាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទ។

លោក ឃឹម ហ្វីណង់ ជឿជាក់ថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ត្រួសត្រាយផ្លូវឲ្យអាជ្ញាធរមូលដ្ឋានអាចរៀបចំភូមិទាំងនេះ ឲ្យមានគុណតម្លៃ និងភាពទាក់ទាញខាងផ្នែកទេសចរណ៍ ដើម្បីរុញច្រានឲ្យមានការអភិវឌ្ឍឈានឡើងថែមមួយកម្រិតទៀត និងចាប់យកសក្តានុពលក្នុងតំបន់ឲ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនេះ៕