(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានណែនាំមន្ដ្រីជំនាញ និងអភិបាលក្រុង-ស្រុក ដែលពាក់ព័ន្ធត្រូវពិភាក្សា និងវាយតម្លៃឲ្យបានម៉ត់ចត់ទៅលើតម្លៃនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពសមស្រប សម្រាប់ម្ចាស់អចលនទ្រព្យ ក៏ដូចជាសមស្របសម្រាប់រដ្ឋ ដើម្បីប្រមូលពន្ធមានប្រសិទ្ធិភាពបន្ថែមទៀត។

ការថ្លែងបែបនេះបានធ្វើទ្បើងនៅកិច្ចប្រជុំ ពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត, អភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ញ៉ែម សំអឿន បានថ្លែងថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីពិនិត្យ ពិភាក្សា វាយតម្លៃ និងផ្ដល់ជាមតិយោបល់កែតម្រូវទាំងអស់គ្នា សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តរតនគិរី ឲ្យកាន់តែមានភាពត្រឹមត្រូវ និងតម្លៃសមស្របសម្រាប់ម្ចាស់អចលនទ្រព្យ។

លោកអភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមន្រ្ដីជំនាញពន្ធដារបានធ្វើបទបង្ហាញស្ដីពីការបែងចែកភូមិសាស្រ្ដ និងតម្លៃថ្មី ក៏ដូចជាបន្ថែមទីតាំងមួយចំនួនដែលមិនទាន់មានដាក់តម្លៃ នៃការគិតពន្ធប្រថាប់ត្រា លើអចលនទ្រព្យ តាមភូមិសាស្រ្ដមួយចំនួន ទាំងក្នុងក្រុងបានលុង និងតាមស្រុកនីមួយៗ ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងកែតម្រូវ៕