(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក ដែលបានឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺកូវីដ១៩។

លោក ឈិន អែនទ្រូ អេស បានថ្លែងថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថាមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនោះក៏មានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ១៩ របស់លោក គួច ចំរើន ធ្វើឱ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំយកថវិកាឧបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសាងសង់អគារនេះ។ អគារតេជោ ព្យាបាលជំងឺកូវីដ១៩ មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។

លោកបានបន្ថែមថា ខេត្តព្រះសីហនុ មានបរិយាកាសល្អ អាចប្រកួតប្រជែងទៅនឹងប្រទេសនៅអឺរ៉ុបបាន។

លោក គួច ចំរើន បានថ្លែងអំណរគុណលោក ឈិន អែនទ្រូ អេស ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្ត ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ១៩។ ផ្អែកតាមគម្រោង អគារព្យាបាលតេជោ សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដ១៩ កម្រិតស្រាល ត្រូវបានព្យាបាលនៅតាមផ្ទះ ដូច្នេះអគារនេះនឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យតម្លៃសាងសង់មានការកើនឡើង។

លោកអភិបាលខេត្ត ក៏បានជម្រាបជូនលោក ឈិន អែនទ្រូ អេស ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តដូចជា ផ្លូវថ្នល់ ការកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រ និងបរិស្ថាន ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុកាន់តែខ្លាំងឡើង និងមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើនាពេលខាងមុខ។ មកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យលោក ឈិន អែនទ្រូ អេស ជួយជំរុញអ្នកវិនិយោគក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើនឡើង ហើយយើងនឹងទទួលស្វាគមន៍អ្នកវិនិយោគលើគ្រប់វិស័យ៕