(ភ្នំពេញ)៖ លោក ម៉ម វណ្ណឌី ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន១០០លានរៀល ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា។

ពិធីប្រគល់ថវិកានេះ បានរៀបចំឡើងក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងតែងតាំងប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។

លោក ម៉ម វណ្ណឌី បានចាត់ទុកថា ជាការចូលរួមចំណែកជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់កិច្ចការមួយចំនួន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនកម្ពុជា ដែលជួបការលំបាកនៅគ្រប់ ទីកន្លែងទូទាំងប្រទេស។

ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ម វណ្ណឌី ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រដល់កិច្ចការទូទៅរបស់សមាគម និងការចូលរួមចំណែក ផ្សេងទៀត ជាមួយរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍កសាងប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមជាតិ៕