(កំពង់ស្ពឺ)៖ តាមរយៈកិច្ចសហការជាមួយមូលនិធិហ្វ្រេតហូឡូ (The Fred Hollows Foundation) មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំពិនិត្យ និងផ្តល់ជូនវ៉ែនតាដល់ពលរដ្ឋចំនួន ១,៤០០នាក់ ស្រី ចំនួន ៦៥០នាក់ មកពីស្រុកចំនួន៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលចាប់ផ្តើមពីថ្ងៃទី៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កម្មវិធីពិនិត្យភ្នែក និងផ្តល់ជូនវ៉ែនតានេះ គឺផ្តោតលើពលរដ្ឋទូទៅ គ្រប់វ័យ គ្រប់ភេទ រួមទាំងជនមានពិការភាព និងមកពីគ្រប់មជ្ឈដ្ឋានដែលមានបញ្ហាភ្នែក។

វេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា «ការចុះពិនិត្យភ្នែក និងផ្តល់ជូនវ៉ែនតានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់មន្ទីរសុខាភិបាល ដើម្បីយកសេវាសុខភាពសាធារណៈ ពិសេសសេវាសុខភាពភ្នែក ឲ្យទៅគៀកនឹងប្រជាពលរដ្ឋ និងក្រុមពលរដ្ឋងាយរងគ្រោះនៅតាមភូមិឃុំ និងតំបន់ដាច់ស្រយាល។ ទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដើម្បីពង្រីកវិសាលភាពសុខភាពភ្នែក និងសមធម៌សុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ»

កម្មវិធីចុះពិនិត្យភ្នែក និងផ្តល់ជូនវ៉ែនតានេះ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ក្រោមកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាព្រះសង្ឃនៅតាមវត្តអារាម។ តាមរយៈកម្មវិធីនេះ ក្រុមការងារបច្ចេកទេស និងចក្ខុមាតុការី បានសង្កេតឃើញថា ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាមានកិច្ចសហការ និងការប្រាស័យទាក់ទងគ្នាល្អ។

ចំណែកឯចំណេះដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងសុខភាពភ្នែក ក៏មានការកើនឡើង ស្របទៅតាមកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ពិសេសការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំស្រួច កំពង់ស្ពឺ និងគងពិសី និងមន្ត្រីសុខាភិបាល ក៏ដូចជាកិច្ចសហការជាមួយនឹងអង្គការដៃគូ។ ការកើនឡើងនៃចំណេះដឹង និងតម្រូវការសេវាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ទាមទារឲ្យមានការវិនិយោគទៅលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលុបបំបាត់ និងបង្ការពិការភ្នែកនៅកម្ពុជាត្រឹមឆ្នាំ២០៣០។

លោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្វ្រេតហូឡូ (The Fred Hollows Foundation) មានឱ្យដឹងថា «អភិបាលកិច្ច និងសេវាសាធារណៈសុខភាពភ្នែក គឺមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ និងទៅថ្ងៃអនាគត»

ក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលមកទទួលវ៉ែនតា បានបង្ហាញនូវភាពសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា និងសហការជាមួយអង្គការដៃគូ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោក កែវ រី មកពីឃុំចំបក់ ស្រុកភ្នំស្រួច ដែលមកពិនិត្យភ្នែកដែរនោះ បានលើកឡើងទាំងញញឹមញញែមថា «ខ្ញុំសប្បាយរីករាយណាស់ ដែលលោកគ្រូអ្នកគ្រូពេទ្យមកពិនិត្យភ្នែក និងផ្តល់ជូនខ្ញុំនូវវ៉ែនតាដោយអត់គិតថ្លៃ។ បន្ទាប់ពីពិនិត្យ និងបានវ៉ែនតាហើយ ខ្ញុំអាចមើលឃើញច្បាស់ដូចមុន អរគុណលោកគ្រូពេទ្យ។ ខ្ញុំនឹងចែករំលែកព័ត៌មាននេះទៅអ្នកភូមិខ្ញុំដែរ»

សូមជម្រាបថា កម្មវិធីចុះពិនិត្យភ្នែក និងផ្តល់ជូនវ៉ែនតានេះ គឺជាផ្នែកមួយនៃកិច្ចសហការរយៈពេល៥ឆ្នាំ (២០២១-២០២៥) រវាងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងមូលនិធិហ្វ្រេតហូឡូ។

កិច្ចសហការនេះមានឈ្មោះថា «កិច្ចសហការថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិដើម្បីសុខភាពភ្នែក» ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង និងព្រះសីហនុ និងកម្មវិធីជាតិសុខភាពភ្នែក ដោយមានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ ពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid) និងជំនួយវ៉ែនតាពី ក្រុមហ៊ុន ESSILOR តាមរយៈមូលនិធិហ្វ្រេតហូឡូ (The Fred Hollows Foundation)។ គោលបំណងដើម្បីពង្រឹងអភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសេវាសុខភាពភ្នែកនៅក្នុងខេត្តគោលដៅទាំង៦៕