(ភ្នំពេញ)៖ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ ការយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការសម្រេចបានភាគរយខ្ពស់លើការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ការវាយតម្លៃ និងការកោតសរសើររបស់លោក ហ្សាក់ ប៉ឺឡេ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបលោកឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញក្ដីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។

ក្រៅតែពីការបង្ហាញនូវអារម្មណ៍រីករាយចំពោះបេសកកម្មការទូតនៅកម្ពុជាហើយនោះ លោក ហ្សាក់ ប៉ឺឡេ ក៏បានថ្លែងកោតសរសើរ និងស្ញប់ស្ញែងចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ដែលជាប្រទេសខ្ទេចខ្ទាំដោយភ្លើងសង្គ្រាមពីអតីតកាល។ តំណាងរបស់រដ្ឋាភិបាលរូបនេះ ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកឈ្នះលើការរាតត្បាតលើជំងឺកូវីដ១៩ និងសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងអត្រាដ៏ខ្ពស់។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីលោកឯកអគ្គរដ្ឋទូតបារាំងមកបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះមកកាន់ការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលនេះ។ ហើយក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាំព្រះរាជាណាចក្រកម្ពុជា បើកព្រំដែនឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ»

បើតាមលោកទូតបារាំង ភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងរបស់កម្ពុជា ក៏បានធ្វើឱ្យក្រុមហ៊ុនបារាំងប្រមាណ ៤០០ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជា ក៏មានសេចក្ដីរីករាយយ៉ាងខ្លាំងផងដែរ។ ជោគជ័យនេះ បានធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែប្រសើរឡើងវិញ។

ក្នុងជំនួបនេះ លោក ហ្សាក់ ប៉ឺឡេ បានជម្រាបសម្តេចតេជោដែរថា លោក ម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃស្អែកនេះ។

ក្នុងជំនួបនេះក៏មានការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបផងដែរ។ លោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា លោកនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ក្លាយទៅជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ហើយជាកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ពីសំណាក់ឯកអគ្គរដ្ឋទូតបារាំង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានយល់ស្របជាមួយលោក ហ្សាក់ ប៉ឺឡេ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរជាតិនានា។

សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបារាំង សម្តេចតេជោ បានលើកជាយោបល់ថា កម្ពុជា និងបារាំង គប្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ដែលអាចធ្វើទៅបាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបវិញ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របនឹងលោកឯកអគ្គរដ្ឋទូត ពោលអាស៊ាន និងអឺរ៉ុប គប្បីណាសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យបានប្រកបដោយបរិយាប័ន្ន និងដោយស្ថិរភាព៕