(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ដែលជួបទុក្ខលំបាកដោយសារជំងឺកូវីដ១៩ សរុបចំនួន១៥០គ្រួសារ នាសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

នាឱកាសនោះដែរ លោក សុខ សម្បត្តិ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសេម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ព្រមទាំងពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋផងដែរ។

លោក សុខ សម្បត្តិ បានគូសបញ្ជាក់ទៀតថា «ស្បៀងសម្តេចតេជោ មិនខ្វះទេ បើបងប្អូនណាខ្វះអង្ករច្រកឆ្នាំងហើយ ត្រូវទាក់ទងមកអាជ្ញាធរភូមិ សង្កាត់ ឬមកសាលាខណ្ឌ នោះបងប្អូនប្រជាពលរដ្ឋ និងបានអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឬអង្ករកាកបាទក្រហមកម្ពុជា យកទៅទទួលទានភ្លាម»

លោក សុខ សម្បត្តិ បានបន្ថែមថាសូមប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាយើងបានបើកគ្រប់វិស័យឡើងវិញហើយ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា បើទោះជាប្រជាពលរដ្ឋាទាំងអស់ បានចាក់វ៉ាក់សាំងដូសទី៣ ហើយក៏ដោយ ក៏សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ, លោកសុខ សម្បត្តិ បានឧបត្ថម្ភរទេះរុញ១គ្រឿង ដល់លោកយាយជរាម្នាក់ឈ្មោះ ដុង សេក អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

អំណោយផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទ័ល់ក្រក្នុងឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអ៉ីវចំនួន១យួរ ត្រីខចំនួន១យួរ និងថវិកាចំនួន២០,០០០រៀល៕