(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមតាមជួយថែរក្សាប្រសិទ្ធពរជ័យ បវរសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងម្ចាស់ពាណិជ្ជកម្មទាំងអស់ ដែលបានកំពុងគាំទ្រដល់អង្គភាពយើងខ្ញុំ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ព្រមទាំងទទួលបានជោគជ័យក្នុងឆាកជីវិត។

បើទោះ Fresh News មានអាយុទើបជិត ២ឆ្នាំ (១៥-ឧសភា-២០១៤) តែបានទទួលការគាំទ្រខ្លាំង និងឈានមុខមួយនៅកម្ពុជា ទាំងនេះមិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយ ប្រកបភាពប្រាកដនិយមខ្ពស់បំផុត។ Fresh News នឹងបង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួនមួយចំនួនទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៦នេះ។ Fresh News បានឆ្លងកាត់រឿងរ៉ាវជាច្រើន នៅក្នុងដំណើរការលើសមរភូមិព័ត៌មាន ដូច្នេះទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្ត មូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លាមួយ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងសកលលោក។

ក្នុងនាមជានាយកប្រតិបត្តិ (CEO) នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមគ្នាជាកម្លាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណី ហើយស្រេកឃ្លានការងារដូចជាចំណីគ្រប់ពេលវេលា។

ជាថ្មីម្តងទៀត ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុត ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលជាការបន្តក់នូវទឹកអម្រឹតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើង លើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយ ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

ពួកយើងមិនខ្លាចនឿយហត់ ក្នុងការផលិតព័ត៌មានបញ្ជូនទៅកាន់ពិភពលោក !

លឹម ជាវុត្ថា​ ស្ថាបនិក និងជានាយកប្រតិបត្តិ,