(ក្រចេះ)៖ នៅម៉ោង៨យប់ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៦នេះ សង្រ្កាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នឹងឈានចូលមកដល់។ ព្រះនាងមណ្ឌាទេវី បុត្រីទី៤ ព្រះកបិលមហាព្រហ្ម នឹងយាងចូលមកថែរក្សាចក្រវាឡនេះទាំងមូល។

រយៈពេល៣៦៥ថ្ងៃ នៃឆ្នាំមមែ ព.ស ២៥៥៩ បានកន្លងផុត ទៅដោយបាននាំយកទាំងក្តីសប្បាយរីករាយ និងភាពមួហ្មងរបស់ប្រជាពលរដ្ឋកម្ពុជាទៅជាមួយផងដែរ។ សម្រាប់សេដ្ឋកិច្ចជាតិ ត្រូវបានមើលឃើញថានៅតែអាចរក្សាភាពខ្លាំង និងរឹងមាំជាមួយកំណើនក្នុងរង្វង់ ៧ភាគរយ តែកម្ពុជា ក៏បានជួបឧបសគ្គមួយចំនួនដែលនាំឲ្យរាំងស្ទះដល់ល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជាផងដែរ ដូចជាគ្រោះរាំងស្ងួត និងភាពប្រកួតប្រជែងទីផ្សារពិភពលោកនាំឲ្យតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជា ជួបឱនភាពបូករូមកត្តាសកលភាវូបនីយកម្មមួយចំនួនទៀត។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។

សម្រាប់ឆាកនយោបាយវិញ ត្រូវបានគេមើលឃើញថា មានទាំងភាពល្អប្រសើរ និងអ័ព្ទអួរ។ ល្អប្រសើរក៏ព្រោះនៅដើមឆ្នាំមមែដៅគូសន្ទនា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រងរាជរដ្ឋាភិបាល និងលោក សម រង្ស៊ី ប្រធានបក្សក្រៅរដ្ឋាភិបាល បានបង្ហាញភាពស្អិតល្មួត និងដឹកដៃគ្នាត្រសងទៅលេងអង្គរសង្រ្កាន្តនៅខេត្តសៀមរាបថែមទៀតផង។ តែជាការគួរឲ្យស្តាយភាពផ្អែមល្ហែម ដែលជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋខ្មែរនោះ ក៏ត្រូវរលាយបាត់បង់យ៉ាងសោកស្តាយជាទីបំផុត ព្រោះតែម្ចាស់ដៃគូសន្ទនាកើតជម្លោះវោហារស័ព្ទក្នុងសង្វៀនដណ្តើមប្រជាប្រិយភាពរហូតមិនអាចផ្សះផ្សារបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅជិតដំណាច់ឆ្នាំ២០១៥ ប្រកាសថា សម្តេចឈប់ចុះហត្ថលេខាសំុព្រះរាជទានទោសជូនលោក សម រង្ស៊ី ទៀតហើយ។ សម្តេចតេជោ បានប្រកាសដាក់លក្ខខណ្ឌថា សម្តេចនឹងកាត់កដៃស្តាំ ប្រសិនបើសម្តេចចុះហត្ថលេខាសុំព្រះរាជទានទោសទៀតនោះ។

បើទោះបីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចជាតិ មានភាពរកាំរកូសខ្លះយ៉ាងណាក្តី តែការប្រព្រឹត្តទៅ នៃការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែរ និងការវិវឌ្ឍន៍របស់ជាតិកម្ពុជា នៅតែប្រព្រឹត្តទៅជាប្រក្រតី។

តាមដងផ្លូវពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តក្រចេះជាដែនដីកំណើត ដើម្បីជួបជុំក្រុមគ្រួសារអបអរសាទរឆ្នាំថ្មី ខ្ញុំបានសង្កេតឃើញថា ដងវិថីចម្ងាយជិត ៣០០គីឡូម៉ែត្រ មានភាពល្អប្រសើរងាយស្រួលធ្វើដំណើរ ខុសឆ្ងាយពីកាលប៉ុន្មានឆ្នាំមុន ដែលផ្លូវមានសភាពលំបាក។ ខ្ញុំក៏សង្កេតឃើញផងដែរ ពីកំណើនយានយន្តតាមដងវិថី។ ទាំងនេះបង្ហាញឲ្យឃើញពីភាពវិវឌ្ឍន៍ក្នុងផ្លូវវិជ្ជមាន របស់មាតុភូមិកម្ពុជាដ៏កម្សត់ ដែលធ្លាប់យាយីដោយភ្លើងសង្រ្គាម ពីអតីតកាល។

១៣ មេសា បើរំលឹកកាលពីទសវត្សរ៍ឆ្នាំ៧០ គឺជាពេលវេលាដ៏សែនវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ពួកគេប្រហែលគ្មានឱកាសជួបជុំ និងលេងសប្បាយនោះឡើយ ត្បិតជាតិទាំងមូលធ្លាក់ក្នុងភ្លើងសង្រ្គាម ព្រោះតែជម្លោះនៅក្នុងគ្រួសារខ្មែរ ដែលចង់ក្តោបក្តាប់អំណាច។

សម្រាប់ ១៣ មេសា ឆ្នាំ២០១៦ ទោះជាតិកម្ពុជា មិនទាន់ល្អឥតខ្ចោះដូចបណ្តាប្រទេសជឿនលឿនក្នុងពិភពលោក តែរយៈពេលជិត២០ឆ្នាំ ក្រោយកម្ពុជាបញ្ចប់សង្រ្គាម និងការបាញ់ប្រហារគ្នាទាំងស្រុងមក ប្រទេសដ៏តូចមួយនេះ បានរំកិលខ្លួនចេញពីភាពតោកយ៉ាកបន្តិចម្តងៗ ជាបន្តបន្ទាប់។ នេះជាសក្ខីភាពបង្ហាញថា សន្តិភាព ការរួបរួមនៅក្នុងជាតិខ្មែរ គឺជាឱកាសតែមួយគត់សម្រាប់កម្ពុជា បន្តជំហ៊ានរីកចម្រើន និងការអភិវឌ្ឍ។

ដោយសារតែសុខសន្តិភាពជាកត្តា ដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននោះ នៅក្នុងឆ្នាំថ្មីនេះ ខ្ញុំបួងសួងដល់ព្រះនាងមណ្ឌាទេវី ដែលនឹងទទួលភារៈមកអភិបាលប្រជាពលរដ្ឋខ្មែរចាប់ពីម៉ោង ៨យប់នេះតទៅ ជួយប្រសិទ្ធពរជ័យ សិរីមហាប្រសើរជូនប្រទេសកម្ពុជា បន្តទទួលបានសុខសន្តិភាព និងជួយឲ្យពលរដ្ឋខ្មែរទាំងអស់ស្គាល់សុខក្សេមក្សាន្តសុខដុមរមនាជារៀងរហូតទៅ។

សូមទេវតាឆ្នាំថ្មី ជួយអន្ទងលួងលោមដួងចិត្តពលរដ្ឋខ្មែរ រាប់ចាប់ពីអ្នកនយោបាយគ្រប់និន្នាការ និង ប្រជាពលរដ្ឋសាមញ្ញធម្មតា មូលចិត្តមូលថ្លើមមូលគំនិតស្រឡាញ់ និងរួមគ្នាអភិវឌ្ឍជាតិកម្ពុជា ឲ្យកាន់តែរីកចម្រើន និងរួមគ្នាបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដែលនាំមកនូវភយន្តរាយដល់ជាតិរបស់ខ្លួន៕

ដោយ៖ វ៉ាន់ សារាយ