(ភ្នំពេញ)៖ ម៉ាស៊ីនសម្រាប់រោគ ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគជាច្រើនគ្រឿង-ដប ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ ខណៈដែលជម្ងឺនេះមិនទាន់សាបរលាប ចេញពីរាជធានីភ្នំពេញនៅឡើយ។

ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លីម តារា នាយកក្រុមហ៊ុន និងលោក Shaun Walts ប្រធានប្រតិបត្តិការក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក នៅសាលារាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកនាយក និងលោកប្រធានប្រតិបត្តិ ដែលបានឧបត្ថម្ភ៖ ម៉ាស៊ីនសម្រាប់រោគ (e-COND life Air-Sanitizer)ចំនួន ៥គ្រឿង ចំនូន ៤ដប, ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន ៤ដប, ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ Qcov (air sanitizing humidifier) ចំនួន៤គ្រឿង, ថ្នាំសម្លាប់មេរោគ(INC16K disinfectant solutions)ចំនួន ៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។

លោក នួន ផារ័ត្ន បានចាត់ទុកថា កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជា នៅទូទាំងប្រទេសបានទាន់ពេលវេលា។

លោកថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់»