(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបលោកស្រី BOURHIS Ophélie នាយកសមាគមអភិវឌ្ឍន៍ បារាំង (AFD) ប្រចាំប្រទេសកម្ពុជា ប្រតិភូនៃសហភាពអឺរ៉ុបដឹកនាំដោយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នូវប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្ត។

នៅក្នុងជំនួបនេះក៏មានករចូលរួមពីប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក រៀម ឧត្តម អនុប្រធាននាយកដ្ឋានទ្វេរភាគី និងសហប្រតិបត្តិការ, ប្រតិភូតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងមានការចូលរួមពីក្រសួង មន្ទីរពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀតផងដែរ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីគោលបំណងនៃកិច្ចពិភាក្សានាពេលនេះ ដើម្បីរិះរកវិធានការមួយឱ្យបានសមស្រប និងឆ្លើយតបទៅនឹងផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋ និងភាពរីកចម្រើនសម្រាប់ខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍របស់ខេត្ត និងប្រជាពលរដ្ឋទាំងមូល។

លោក សុខ លូ បានថ្លែងអំណរគុណដល់តំណាងប្រតិភូពាក់ព័ន្ធទាំងអស់ ដែលបានសហការជួយអភិវឌ្ឍន៍ លើគ្រប់វិស័យក្នុងខេត្តបាត់ដំបងឱ្យ មានការរីកចម្រើន កាន់តែប្រសើ រឡើងខ្លាំង ដើម្បីការបន្ថយការលំបាករបា់ប្រជាពលរដ្ឋបានច្រើនជាបន្តបន្ទាប់ផងដែរ។

នៅក្នុងជំនួបនេះប្រតិភូ បានពិភាក្សាលើកិច្ចសន្យាស្រូវរបស់ SRP ជាមួយ Agribee នៅក្នុងកម្មវិធីការគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិ-អេកូឡូស៊ីនៅកម្ពុជា (WAT4CAM) ៖ លើសេវាកម្មយន្តការ, គម្រោងឥណទានកាបូនក្នុងការសាកល្បង និងការវិវត្តន៍នៃស្ថាប័ននាពេលអនាគតរបស់ BUAC (Battambang Union of Agricultural Cooperative in Kompong Preng)។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សារួច ប្រតិភូក៏បានទៅទស្សនា ទីតាំងសាងសង់ប្រព័ន្ធធារាសាស្រ្តកង្ហតក្នុងប្លុក A&B កិច្ចសន្យាលេខ CW04 ដែលបានសិក្សា ដោយ ក្រុមហ៊ុន ទីប្រឹក្សាអន្តរជាតិ EGIS-SCP-KCC។ ទៅទស្សនាការបង្ហាញអំពីកសិ-អេកូឡូស៊ី វារីវប្បកម្មវាលស្រែ (TA AGRI) និងបានបន្តចុះទៅពិនិត្យមើលទីតាំង ធារាសាស្រ្តនានានៅតាមគោលដៅផ្សេងៗ និងបានពិភាក្សាលើការគ្រប់គ្រងអាងស្ទឹងសង្កែផងដែរ៕