(ត្បូងឃ្មុំ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ នឹងក្លាយជាមន្ទីរពេទ្យថ្មីប្រចាំតំបន់ ដែលគ្របដណ្តប់លើការទទួលព្យាបាលជូនប្រជាពលរដ្ឋមួយចំនួននៃខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោកចុះត្រួតពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ជាមួយអភិបាលរងខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «មន្ទីរពេទ្យថ្មីនេះនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្របដណ្តប់លើការទទួលព្យាបាល ជូនប្រជាជនមួយចំនួននៃខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង»

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិននេះមានទំហំ២៤,៣០០ម៉ែត្រក្រឡា ដែលត្រូវសាងសង់លើទំហំផ្ទៃដីសរុប៥៥,៨១៥ម៉ែត្រក្រឡា ដោយចំណាយពេលសាងសង់ ប្រមាណ៣២ខែ។ ការចំណាយលើការសាងសង់មន្ទីរពេទ្យនេះ គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ គម្រោងសាងសង់គឺត្រូវបានអនុវត្តដោយក្រុមហ៊ុន China Railway Construction Group CO.LTD. (CRCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន China IPPR International Engineering Corporation។ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ គម្រោងសម្រេចបានប្រមាណ៩៩ភាគរយហើយ។

មន្ទីរពេទ្យនេះមានចំនួនគ្រែសរុប៣០០គ្រែ ត្រូវសាងសង់ក្នុងរយៈពេល៤០ខែ និងចំណាយទឹកប្រាក់អស់៤៥,៦៦០,០០០ដុល្លារ។ សេវាព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ រួមមាន ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្រ្តី និងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្រ្ត និង Endoscopy ផ្នែកមន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាននិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងផ្នែកគាំទ្រមួយចំនួនមានដូចជារដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើតនិងផ្ទុកអុកស៊ីសែន បន្ទប់សម្អាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្រ្ត។ គម្រោងនេះរួមទាំងការបំពាក់ឧបករណ៍សម្ភារបរិក្ខារវេជ្ជសាស្រ្តផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ម៉ម ប៊ុនហេង។

សូមបញ្ជាក់ថា អគារមន្ទីរពេទ្យនេះត្រូវបានប្រារព្វពីធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ក្រោយពីការបញ្ជប់ការសាងសង់ និងបន្ទាប់ពីការប្រគល់ពីភាគីចិន ក្រសួងសុខាភិបាលនឹងស្នើសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមពេលវេលាសមស្របនាពេលខាងមុខ៕