(ភ្នំពេញ)៖ ការបិទបញ្ចប់ឆ្នាំសិក្សា ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងទៀតថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រឡងឆមាសទី២ នៅមុនដំណាច់ឆ្នាំសិក្សា។ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រជុំបូកសរុបលទ្ធផលដំណាច់ឆ្នាំសិក្សា នៅក្រោយថ្ងៃទី១៨ ខែធ្នូ និងមុនដំណើរការឆ្នាំសិក្សាថ្មី។

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧០ខែ យ៉ាងតិច (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោមការសហការ និងគាំទ្រពី គណៈកម្មការទ្រទ្រង់គ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរដែនដីសហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

គណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី១៣ ខែធ្នូ តទៅ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖