(ស្ទឹងត្រែង)៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអំពាវនាវពលរដ្ឋឲ្យចូលរួមសម្អាតបរិស្ថាន ដើម្បីបានការវាយតម្លៃយកពិន្ទុប្រកួតប្រជែងទីក្រុងស្អាតជាមួយខេត្តផ្សេងៗទៀត។

ការថ្លែងអំពាវនាវនេះ បានធ្វើទ្បើងក្នុងការរៀបចំប្រារព្ធពិធី ទិវាអនាម័យបរិស្ថានជាតិ ដែលមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។

លោក ដួង ពៅ បានបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន ដោយចោលសំរាមចូលទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងមិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យសោភ័ណ្ឌភាពក្នុងក្រុងស្ទឹងត្រែង មានការថយចុះ និងបាត់បង់នៅការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយខេត្តគេផ្សេងៗទៀត។

លោកអភិបាលរងខេត្តរូបនេះ បានជំរុញឱ្យមន្ត្រីជំនាញ និងមន្ត្រីរាជការក្នុងខេត្ត ដែលនៅតាមស្ថាប័ន នីមួយៗ ព្រមទាំងសិស្សានុសិស្ស ត្រូវចូលរួមទាំងអស់គ្នា ក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជា នៅតាមទីសាធារណៈ៕