(កំពង់ឆ្នាំង)៖ បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញជាបណ្តើរៗប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយជារួម និយាយដោយឡែក ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានចេញដើរហើររកទទួលទានជាធម្មតាឡើងវិញ ខណៈមិនបានដើរហើររកទទួលទានអស់រយៈពេល២ឆ្នាំកន្លងមក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពួកគាត់មានមុខរបរដឹកក្អមឆ្នាំង និងឧបករណ៍ប្រើប្រាស់ធ្វើអំពីដី ធ្លាប់ដើរលក់នៅតាមបណ្ដាខេត្តនានា ក៏បានចាប់ផ្ដើមចេញលក់ដូរជាថ្មីម្ដងទៀត ប្រកបដោយទឹកចិត្តរីករាយ និងបានប្រកាន់ខ្ជាប់នូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ «៣កុំ និង៣ការពារ»

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្បួនរឺម៉កម៉ូតូ និងរថយន្តកែច្នៃ ដែលមានផ្ទុកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ ធ្វើអំពីដីជាច្រើនគ្រឿង បានចាប់ផ្ដើមចេញដំណើរទៅកាន់បណ្ដាខេត្តផ្សេងៗដើម្បីលក់ដូរជាថ្មីទៀត ដូចដែលពួកគាត់ធ្លាប់បានប្រកបមុខរបរនេះកាលពីពេលមុន។

យុវជនម្នាក់ឈ្មោះ ជា ថុនា មានទីលំនៅក្នុងភូមិខ្លី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលកំពុងតែផ្ទុកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ធ្វើអំពីដី ចងលើរឺម៉កម៉ូតូ បានប្រាប់ឲ្យដឹងថា រូបគេបានប្រកបមុខរបរដឹកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ ធ្វើអំពីដី លក់មានរយៈពេល៥ឆ្នាំមកហើយ បន្ទាប់ពីឪពុករបស់គេបានស្លាប់ទៅរូបគេក៏បានចាប់យកមុខរបរនេះជំនួសឪពុករហូតមកដល់សព្វថ្ងៃ។ កាលពីរូបគេនៅតូចៗ បានដើរលក់ក្អមឆ្នាំងជាមួយឪពុក កាលណោះមិនទាន់ មានរថយន្ត គោយន្ត ឬរឺម៉កម៉ូតូ ដឹកនោះទេ គឺបររទេះគោដឹកក្អមឆ្នាំងដើរលក់នៅតាមបណ្ដាខេត្តឆ្ងាយៗ មួយជើងៗទាំងទៅទាំងមក គឺចំណាយពេលរាប់ខែឯណោះទើបត្រឡប់មកដល់ផ្ទះវិញ។

យុវជនរូបនេះ បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋអ្នក មានមុខរបរលក់ក្អមឆ្នាំងពីសម័យដើម ជាទូទៅគេប្រើតែរទេះគោដឹកក្អមឆ្នាំងលក់គ្រប់ៗគ្នា ហើយត្រូវបររទេះដើរលក់តាមបណ្ដាខេត្តឆ្ងាយៗ មានដូចជាខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ស្ទឹងត្រែង។ល។ ការបររទេសដើរលក់ឆ្ងាយៗបែបនេះ សត្វគោត្រូវតែមានស្បែកជើងពាក់ជានិច្ច ព្រោះត្រូវធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ បើមិនមានស្បែកជើងពាក់ទេ គោនឹងដើរមិនរួចឡើយ។ អ្នកខ្លះនៅពេលលក់ក្អមឆ្នាំងអស់ ហើយត្រូវត្រឡប់មកផ្ទះវិញ ពួកគេបានលក់គោចោលទាំងអស់ ព្រោះគោមានសភាពទ្រុឌទ្រោមដោយការអូសទាញផ្លូវឆ្ងាយ ហេតុនេះត្រូវដឹកឬសណ្តោងតែរទេះទទេ ត្រឡប់មកផ្ទះវិញក៏មាន ពេលរកទិញគោបាន ទើបចេញដំណើរដើរលក់បន្តទៀត ក្នុងមួយឆ្នាំចេញលក់បានពីមួយជើងទៅពីរជើងតែប៉ុណ្ណោះ ហើយកាលណោះមានតែរទេះកង់ឈើទេ តែបច្ចុប្បន្ននេះមិនមានដឹកតាមរទេះគោដូចកាលពីសម័យមុនទៀតទេ គឺបានវិវត្តមកដឹកតាមរថយន្ត រថយន្តកែច្នៃ រឺម៉កម៉ូតូ ឬគោយន្តអស់ហើយ។

យុវជនខាងលើ បានបញ្ជាក់បន្ថែមថា ការដឹកលក់តាម មធ្យោបាយខាងលើនេះ គឺចំណេញពេលវេលាអ្នកដែលមានរថយន្តគេអាចដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ ចំណាយពេលត្រឹមតែ១០ទៅ១៥ថ្ងៃ គឺលក់អស់ និងបានត្រឡប់មកដល់ផ្ទះវិញ ដោយឡែក អ្នកដឹកតាមរ៉ឺម៉កម៉ូតូដូចជា រូបគេនេះ គឺលក់ត្រឹមក្រុងភ្នំពេញ និងខេត្តកណ្ដាល រយៈពេលត្រឹមតែមួយសប្តាហ៍ទៅ១០ថ្ងៃ ទើបលក់អស់បានត្រឡប់មកផ្ទះ និងបានរៀបចំក្អមឆ្នាំង ចេញលក់ជាបន្តទៀត។ រូបគេបញ្ជាក់ទៀតថា ការប្រកបមុខរបរខាងលើនេះ គឺទទួលបានប្រាក់កម្រៃគួរសមដែរ និងអាចជួយដោះស្រាយជីវភាពគ្រួសារបានមួយកំរិតផងដែរ។

ជុំវិញករណីខាងលើនេះលោក ចាន់ ឡេង ជំទប់ទី១ឃុំជ្រៃបាក់ បានបញ្ជាក់ប្រាប់ថា នៅក្នុងឃុំជ្រៃបាក់ទាំងមូលមាន១៦ភូមិ ក្នុងក្នុងចំណោមពលរដ្ឋ១៦ភូមិ មាន៨ភូមិ ដែលជាអ្នកប្រកបមុខរបរធ្វើក្អមឆ្នាំងលក់។ លោកបញ្ជាក់ទៀតថា ពលរដ្ឋទាំង៨ភូមិខាងនេះ គឺបានប្រកបមុខរបរធ្វើក្អមឆ្នាំងលក់ បន្តពីដូនតាមកម្ល៉េះ មកដល់សម័យនេះពួកគាត់នៅតែបន្តប្រកបមុខរបរនេះដោយមិនបោះបង់នោះឡើយ។

បច្ចុប្បន្ននេះ អាជ្ញាធរឃុំក៏បានលើក ទឹកចិត្តដល់ពួកគាត់ ដែលកំពុងប្រកបមុខរបរធ្វើក្អមឆ្នាំងលក់ និងបានជួយរក្សានូវកេរ្តិ៍ដំណែលពីដូនតាមិនឲ្យបាត់បង់នេះ អាជ្ញាធរកំពុងតែចរចាដោះស្រាយជាមួយនឹងម្ចា ស់ដីមួយចំនួន ដើម្បីរកដីណាដែលមានសក្តានុពលផ្នែកផលិតក្អមឆ្នាំងកើត ជូនពួកគាត់ជីកយកទៅធ្វើក្អមឆ្នាំងសម្រាប់លក់ដូរដោះស្រាយជីវភាពគ្រួសារបន្តទៀត៕