(ភ្នំពេញ)៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហោស្របវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ ក្នុងសប្តាហ៍នេះ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) គឺកម្ពុជាខិតខំប្រឹងប្រែងពង្រឹងចំណងវប្បធម៌ រវាងទ្វីបទាំងពីរយ៉ាងខ្លាំង។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកពិព័រណ៍សិល្ប: នៃមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា ទោះបីជាពិភពលោកជួបប្រទះនឹងជំងឺកូវីដ១៩ ក៏មនុស្សគ្រប់គ្នាគួរតែស្វែងរកវីធីជាច្រើន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជានិច្ច។

នៅចំពោះមុខតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងព័ត៌មាន តំណាងសហភាពអឺរ៉ុប តំណាងយូណេស្កូ តំណាងអង្គទូតនានា ព្រមទាំងផលិតករ សិល្បករនានា ក្នុងកម្មវិធីដែលបានធ្វើឡើងនៅសារមន្ទីរជាតិ លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប គឺជាព្រឹត្តិការណ៍សិល្បៈជាសាធារណៈ ដែលបង្ហាញពីស្នាដៃដ៏ល្អឯក និងការសហការប្រកបដោយការច្នៃប្រឌិត ពីបណ្តាប្រទេសនានាមកពីទ្វីបអាស៉ី និងអឺរ៉ុប»

មហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប ឆ្នាំ២០២១ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រធានបទ «អាស៉ី និង អឺរ៉ុប៖ ចំណង វប្បធម៌» គឺជាព្រឹត្តិការណ៍អមផ្លូវការមួយនៃកិច្ចប្រជុំ ASEM13 ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយសហភាពអឺរ៉ុប និងមូលនិធិអាស៉ី-អឺរ៉ុប។

លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា ភាពចម្រុះនៃវប្បធម៌អាស៉ីនិងអឺរ៉ុប ត្រូវបានប្រារព្ធឡើងនៅក្នុងមហោស្រពនេះ ជាមួយនឹងការសម្តែងសិល្បៈទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និង កិច្ចសន្ទនា កាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រពអាស៉ី-អឺរ៉ុប ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ី-អឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌សិល្បៈ ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ។

សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕