(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅកម្ពុជា សំណល់រឹងសំរាម មានប្រមាណជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ និង១ឆ្នាំជាង ៤លានតោន ដែលមានកំណើនប្រមាណ១៥% ក្នុងមួយឆ្នាំ។

ថ្លែងនៅក្នុងឱកាសនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅផ្សារត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

រដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញលើការអនុវត្តគោលនយោបាយជាតិគ្រប់គ្រងសំណល់រឹងសំរាមទីប្រជុំជន ដើម្បីគ្រប់គ្រងសំណល់រឹងសំរាមតាមទីប្រជុំជនឱ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងអនាម័យបរិស្ថានបានល្អ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីភូមិដ្ឋានរបស់យើងមានអនាម័យបរិស្ថានល្អ មានផាសុកភាពសម្រាប់ការរស់នៅ សុខុមាលភាពពលរដ្ឋយើងល្អ ជៀសផុតពីការឆ្លងជំងឺទាំងឡាយ»

ក្រៅពីខេត្តកំពត រាជធានី-ខេត្តផ្សេងៗទៀត ក៏បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទដូចគ្នានេះដែរក្នុងគោលបំណងបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមធ្វើអនាម័យ និងកែលម្អសោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតងសំដៅកែប្រែផ្នត់គំនិតរបស់សាធារណជនគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងជំរុញការអនុវត្តគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនទៅរាជធានី ក្រុង ស្រុកទូទាំងប្រទេសឱ្យមានភាពល្អប្រសើរឡើង។

លោក នេត្រ ភក្ត្រា បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងបរិបទដែលកម្ពុជា និងពិភពលោកបាននិងកំពុងខិតខំបើកដំណើរការប្រទេសឡើងវិញ តាមគន្លងថ្មី ក្រោយពីរងនូវផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តមបាន ថ្លែងថា បន្ថែមពីខឿនសុខុមាលភាពដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកសាងឡើងតាមរយៈគោលនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ការចូលរួមសម្អាតអនាម័យបរិស្ថានជាប្រចាំរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលបានល្អ នឹងធ្វើឱ្យសុខភាពរបស់យើងល្អ និងអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបង្ការជំងឺឆ្លងផ្សេងៗបាន និងអាចសន្សំសំចៃថវិកាសម្រាប់ក្រុមគ្រួសារបានផងដែរ។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះ ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិ-ឃុំ-សង្កាត់ត្រូវតែ «មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យភូមិ-ឃុំ-សង្កាត់ មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

បើតាមលោក នៃ គង់ អភិបាលរងខេត្តកំពត ដែលបានចូលរួមជា អធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានេះដែរ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សា អនាម័យបរិស្ថាន បោសសម្អាតភូមិដ្ឋាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីធ្វើឱ្យបរិស្ថានទាំង៣ ស្អាតគឺទឹកស្អាត ខ្យល់ស្អាត និងដីស្អាត។ ឯកឧត្តមបានថ្លែងថាអនាម័យស្អាតនាំឱ្យសុខភាពល្អ និងក៏ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងលើកកម្ពស់ការ អប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិតឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែក កសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ កម្ពុជាបានប្រារព្ធទិវាអនាម័យបរិស្ថាននេះជារៀងរាល់ឆ្នាំក្រោមប្រធានបទផ្សេងៗ សំដៅចូលរួមក្នុងការធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

នៅក្នុងក្របខណ្ឌនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះផងដែរ លោក នេត្រ ភក្ត្រា និងលោក នៃ គង់ បានចែក និងផ្សព្វផ្សាយថង់បរិស្ថានជូនដល់ពលរដ្ឋ និងអាជីវករនៅផ្សារព្រែករពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយស្នើឱ្យប្រជាពលរដ្ឋវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរាមតាមប្រភេទ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យបានច្រើនដើម្បីការពារបរិស្ថាន៕