(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចំណុចពិសេសរបស់រដ្ឋាភិបាលចិន គឺចិនសម្រេចតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខុសពីបណ្តាប្រទេសមួយចំនួន បើកម្ពុជាចង់បានកន្លែងនេះ គេបង្គាប់ឲ្យទៅកន្លែងនោះ។

នេះគឺជាប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងន័យអរគុណចិន ដែលផ្តល់ជំនួយដល់កម្ពុជា ដោយមិនភ្ជាប់លក្ខខណ្ឌ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមប្រសាសន៍របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ការផ្តល់ជំនួយដោយមិនភ្ជាប់លក្ខខណ្ឌរបស់ចិនទាំងអស់នេះហើយ បានធ្វើឲ្យកម្ពុជា មានសិទ្ធិសម្រេចលើគម្រោងអាទិភាពនានារបស់ខ្លួន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានាជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិន បានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។

«ចំណុចល្អពិសេសរបស់មិត្តចិន គឺនៅត្រង់ថា កន្លែងណាដែលជាអាទិភាពរបស់កម្ពុជា គឺកម្ពុជាសុំដាក់គម្រោងហ្នឹងទៅ ដោយមានការសិក្សាយ៉ាងហ្មត់ចត់។ មិត្តចិន ផ្តល់ឥណទានដោយគោរពនូវការចង់បានរបស់កម្ពុជា ដែលនេះគឺជាចំណុចពិសេស ដែលខុសពីប្រភពទុនដទៃ។ (ប្រភពដទៃ) បើយើងចង់ទៅត្រង់នេះ គេទៅត្រង់នោះ។ (ចំណែកឯមិត្តចិនវិញ) យើងចង់បាននៅត្រង់នេះ មិត្តចិនគាត់ដាក់នៅត្រង់ហ្នឹង»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាយថវិកាគម្រោងសាងសង់ស្ពានទាំងនោះអស់ ២,៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហា ដែលកើតឡើងដោយសារវិបត្តិជំងឺដ៏កាចសាហាវនេះ។ មានន័យថា បើសិនជាគ្មានជំងឺកូវីដ១៩ កម្ពុជាអាចធ្វើស្ពានបាន ២០ស្ពានទៀត ខណៈស្ពានទាំងនោះ ១ខ្សែ ចំណាយអស់ ១០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន មានបំណងធ្វើស្ពានជាច្រើនសម្រាប់ឆ្លងកាត់ទន្លេ យ៉ាងហោចណាស់ត្រឹម ២គីឡូម៉ែត្រ ត្រូវបង្កើតស្ពានមួយ។ ដូច្នេះហើយ គឺតម្រូវឲ្យកម្ពុជាស្នើសុំមិត្តចិត្តសូមជួយបន្តទៀត ហើយសម្ដេចតេជោ បានបង្ហាញការជឿជាក់ថា មិត្តចិននឹងបន្តជួយទៅតាមគម្រោងដែលកម្ពុជាបានដាក់។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមប្រទេសរីកចម្រើនលូតលាស់ G7 នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចតេជោ អះអាងថា កម្ពុជាស្វាគមន៍រាល់ការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានានៅកម្ពុជា ដើម្បីកុំឲ្យគេនិយាយថា កម្ពុជាពឹងតែចិន៕