(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដឹកទឹកចែកជូនប្រជាពលរដ្ឋនៅក្នុងក្រុងសំរោង ដែលកំពុងជួបការខ្វះទឹកប្រើប្រាស់។

បើទោះបីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ ជាថ្ងៃដែលមន្រ្តីរាជការ ឈប់សម្រាកអបអរទទួលទេវតាឆ្នាំថ្មីក្តី តែដើម្បីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ អភិបាលខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្ត បានប្រឹងប្រែងសស្រាក់សស្រាំ ដោយមិនគិតពីការនឿយហត់ ឬថ្ងៃឈប់សម្រាកនោះឡើយ។ សកម្មភាពដឹកជញ្ជូនទឹកនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អភិបាលខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តចំពោះទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរខេត្តឧត្តរមានជយ័ក្រុមហ៊ុនលឹមហេងគ្រុប បានជួយបាយ៥០កញ្ចប់់ ប្រេង៥០០លីត្រក្នុងមួយថ្ងៃ ដល់ក្រុមការងារដឹកជញ្ជូនទឹកនេះ។ ការដឹកជញ្ជូនទឹកចែកប្រជាពលរដ្ឋនៅពេលនេះ គឺប្រើរថយន្ត ៤គ្រឿង។

គេសង្កេតឃើញប្រជាពលរដ្ឋ មកដឹកជញ្ជូនទឹកដោយប្រើរឺម៉ក ដោយមានប៊ីដុង ឈរចាំ ត្រៀបត្រាក្នុងទឹកមុខរីករាយ និងអរគុណដល់លោក ស ថាវី និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់៕