(កំពង់ចាម)៖ ថ្លែងចេញពីស្រុកកំណើតរបស់ខ្លួន នាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីច្រើនឆ្នាំតទៅទៀត ដោយមិនកំណត់រយៈពេលឡើង ឲ្យតែប្រជាជនបោះឆ្នោតជូនសម្តេច។

សម្តេចតេជោបានថ្លែងទៀតថា ការបន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការពារសន្តិភាព រហូតដល់ពួកជ្រុលនិយម (ក្រុមប្រឆាំងជ្រុលនិយម) ផុតរលត់ពីផែនដី ដើម្បីសម្តេចត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហ៊ុន សែន សូមប្រកាសសាជាថ្មីម្តងទៀត នៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយនៃការបន្តអាណត្តិរបស់ខ្ញុំ ប៉ុន្មានឆ្នាំតទៅទៀត ស្រេចតែចិត្តខ្ញុំ ឲ្យតែប្រជាជនបោះឆ្នោតឲ្យខ្ញុំនៅធ្វើរហូត កុំថាសុខភាព ហ៊ុន សែន អន់នោះ [...] អីចឹងទុកឲ្យខ្ញុំលេងជាមួយពួកជ្រុលនិយម ការពារសន្តិភាពនេះ។ ខ្ញុំលេងលោកឯងឲ្យចប់សិន ហើយដើម្បីខ្ញុំត្រួសត្រាយផ្លូវសម្រាប់ក្មេងជាន់ក្រោយ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអន់ខ្លាំងណាស់ ចំពោះការធ្វើនយោបាយបន់ឱ្យដៃគូខ្លួនស្លាប់។

សម្តេចេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនមានការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោតម្ត សីហនុ កាលពីឆ្នាំ១៩៧០ របស់ លន់ នល់ មិនដឹងជាកម្ពុជារីកចម្រើនដល់កម្រិតណានោះទេ។ កម្ពុជាទើបមានសន្តិភាពពេញលេញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយចំណាយពេលអស់ជាច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាខ្មែរសម្លាប់ខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសប្រជាធិបតេយ្យមួយចំនួន នាំគ្នាគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែពួកគេមិនដែលបង្ហាញការសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់ខ្មែរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ជាថ្មីថា «តម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគៀបសង្កត់ណាមួយ ដែលនាំទៅដល់អស្ថិរភាព និងបាត់សន្តិភាពរបស់ប្រទេសទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា នាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ហើយសម្តេចនឹងបន្តថែរក្សាសន្តិភាព សម្រាប់កម្ពុជា៕