(ភ្នំពេញ)៖ នៅម៉ោង៣៖៤៨នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភា បានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សាជុំវិញករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិហើយ ដោយមានការចូលរួមពីសមាជិកសភាចំនួន៦៣រូប។

កិច្ចប្រជុំនេះ មានរបៀបវារៈ ការបោះឆ្នោតអនុម័ត ឱ្យតុលាការបញ្ឈប់ ឬបន្តការចោទប្រកាន់ លោក អ៊ុំ សំអាន។ ការអនុម័តឱ្យតុលាការបញ្ឈប់នីតិវិធីលើលោក អ៊ុំ សំអាន ត្រូវការសំឡេង ៣ភាគ៤ នៅក្នុងរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំរដ្ឋសភានេះដែរ។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង។

សូមបញ្ជាក់ថា នោវេលាថ្ងៃត្រង់នេះទី១២ ខែមេសា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក អ៊ុំ សំអាន នៅពន្ធនាគារជាបណ្តោះអាសន្នហើយ បន្ទាប់ពីបានសាកសួរអស់មួយព្រឹក។ តំណាងរាស្ត្រមណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស ក្នុងនោះមានបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕