(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកកណ្តៀង សហការជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូកសាកល្បង ដើម្បីផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ ក្រោយពីបានខកខានមួយរយៈដោយសារវិបត្តិកូវីដ១៩។

កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្របមាត់ស្ទឹងពោធិ៍សាត់ទល់មុខវត្តនទីមង្គល (ហៅវត្តកំពង់ក្រសាំង) ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរ ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិធីនេះកើតឡើងទៅបាន ក្រោមគំនិតផ្តួចផ្តើមពីព្រះព្រហ្មាភិរ័ត កែវ រតនៈ កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយមានការសហការនិមន្តចូលរួម ពីព្រះគ្រូចៅអធិការវត្តចំនួន៥ ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ រួមមាន វត្តកញ្ជរខាងត្បូង វត្តបន្ទាយយួន វត្តកំពង់ក្រសាំង វត្តកែវសុវណ្ណ និងវត្តពោធិ៍សុវណ្ណរង្សី។

ការប្រារព្ធពិធីនេះឡើង គឺមិនមែនដើម្បីប្រគួតប្រជែងយកអ្នកចាញ់យកអ្នកឈ្នះ ធ្វើការជ្រើសរើសជើងឯកទៅប្រឡងប្រណាំងនៅថ្នាក់ជាតិនោះទេ ពោលគឺដើម្បីអបអរសាទរ និងធ្វើឱ្យមានភាពឱឡារិកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបើកច្រកសេដ្ឋកិច្ចប្រទេសឡើងវិញ កាលពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីខកខានប្រារព្ធ និងរងប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ រយៈពេលជិត២ឆ្នាំមកនេះ។

កម្មវិធីនេះរៀបចំឡើងក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពួកគេគ្រប់ស្រទាប់វណ្ណៈ អាចធ្វើដំណើរ ដើរហើរ កម្សាន្តគ្រប់ទិសទី តាមបំណងប្រាថ្នា ដោយរក្សាបាននូវការគោរពវិធានការសុខាភិបាល ក៏ដូចជាវិធានការ «បីកុំ បីការពារ» របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ទូកដែលទទួលបានជ័យលាភីលេខ១ គឺទូកនទីមង្គលកម្ពុជ រតនៈមានជ័យ ទទួលបានថវិកា ១លាន និង១០ម៉ឺនរៀល, ជ័យលាភីលេខ២ គឺទូកវាលសាឡឹមមានជ័យ បារមីកញ្ជរខាងត្បូង ទទួលបានថវិកា ១លានរៀល, ជ័យលាភីលេខ៣ គឺទូកតេជោកែវវិជ័យ បារមីអ្នកអប់រំ ទទួលបានថវិកា ៩០ម៉ឺនរៀល និងជ័យលាភីលេខ៤ គឺទូកនទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជៈ ទទួលបានថវិកា ៨០ម៉ឺនរៀល។ ដោយឡែកទូកដែលមិនទទួលបានជ័យលាភី ក្នុងមួយទូក ទទួលបានថវិកា ៦៥ម៉ឺនរៀលស្មើៗគ្នា៕