(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ (កាហ្វេ និងក្រឡុកស្រា) ដោយឈរលើទស្សនវិជ្ជាជីវៈចំនួន ៤ចំណុចសំខាន់ៗ រួមមាន៖ តម្លៃទាប, ឆ្ងាញ់, គុណភាព និងស្នាមញញឹ ដែលជាផ្នែកមួយចូលរួមទាក់ទាញភ្ញៀវទេសចរបរទេស។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ទស្សនៈនៃការបង្កើតម្ហូប និងភេសជ្ជៈ ដោយឈរលើទស្សនៈទាំង៤ខាងលើនេះ ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា សិក្សាដកពិសោធន៍ពីប្រទេសចំនួន៥ រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសទាក់ទាញអ្នកទេសចរខ្ពស់។

ប្រធានស្ថាប័នសិក្សាស្រាវជ្រាវរបស់កម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈមានតម្លៃទាប ត្រូវឈរលើគោលការណ៍មួយចំនួនរួមមាន៖ ផលិតផលក្នុងស្រុក, ត្រូវមានអ្នកជំនាញក្នុងស្រុកដោយខ្លួនឯង, ត្រូវឱ្យផលិតបន្លែធម្មជាតិ សរីរាង្គ។ ដូច្នេះដើម្បីធ្វើឱ្យតម្លៃផលិតផលដែលផលិតឡើងមានតម្លៃទាប គឺទាមទារឱ្យមានការរួមគ្នាបង្កើតឡើងវត្ថុធាតុដើមនៅក្នុងស្រុក ជាពិសេសផ្តោតសំខាន់លើវិស័យកសិកម្ម ជាដើម។ល។ល

លោក សុខ ទូច បានបន្ដថា សម្រាប់រសជាតិឆ្ងាញ់ គឺត្រូវឈរលើគោលការណ៍ចំនួន៣សំខាន់ៗ រួមមានទី១៖ វិជ្ជាជីវៈ ធ្វើយ៉ាងម៉េចឱ្យទាក់ទាញ ធ្វើយ៉ាងម៉េចឱ្យល្អ ធ្វើយ៉ាងម៉េចឱ្យគេទទួលយកបាន។ គុណភាព គឺទាមទារទៅលើ៣ចំណុចរួមមាន៖ គុណភាពមនុស្ស គុណភាពផលិតផល គុណភាពប្រទេសដែលមានបរិស្ថានល្អ។ ស្នាមញញឹម មានន័យថា តម្លៃទាប ឆ្ងាញ់ គុណភាព ដែលគេទទួលទានគ្មានបញ្ហា មានសុខភាពល្អ ហើយស្នាមញញឹម និងក្លាយទៅជាទីផ្សារដ៏សំខាន់។

លោក សុខ ទូច បានគូសបញ្ជាក់ថា ម្ហូបអាហារ និងភេសជ្ជៈ ជាចំណែកមួយដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ។ សម្រាប់លោកបណ្ឌិត ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងម្ហូបអាហារនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការផ្តល់សេវាដល់អ្នកទេសចរ និងទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅកម្ពុជា៕