(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភជែលចំនួន ៧៣៧កេស ស្មើនឹង ១៤,៧៤០ដប ជូនមន្ទីរពេទ្យបង្អែកចំនួន៨ ក្នុងខេត្តបាត់ដំបង។

មន្ទីរពេទ្យបង្អែកចំនួន៨ រួមមានមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង, មណ្ឌលព្យាបាលកូវីដ-១៩, មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី, មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ, មន្ទីរពេទ្យបង្អែកស្រុកថ្មគោល, មន្ទីរពេទ្យបង្អែកស្រុកសង្កែ ,មន្ទីរពេទ្យបង្អែកស្រុកបវេល និងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើង នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាវីរជនជួរមុខ ក្នុងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ និងសូមឱ្យមន្ទីពេទ្យបង្អែកទាំងអស់ ដែលបានទទួលជែលនេះសូមធ្វើការបែងចែកទៅដល់មណ្ឌលសុខភាពនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះ លោកស្រីបានជូនពរថ្នាក់ដឹកនាំសាខា បុគ្គលិកសុខាភិបាល ព្រមទាំងកងទ័ពអាវស ទាំងអស់ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់បន្តទៀត។

ទន្ទឹមនឹងនោះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាងមន្ទីរពេទ្យបង្អែក និងណ្ឌលសុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជែលជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុភាព ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា។

លោកបន្តថា «សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងធ្វើការបែងចែកជែលទាំងនេះទៅដល់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មន្ទីរអង្គភាពនានាក្នុងខេត្តបាត់ដំបង ដែលមានតម្រូវការប្រើប្រាស់ ឱ្យបានទាន់ពេលវេលា ទៅតាមអ្វីដែលទីស្នាក់ការកណ្តាលកាកបាទកម្ពុជា បានផ្តល់ជូន» ។

សូមបញ្ជាក់ មន្ទីរពេទ្យបង្អែកនីមួយៗទទួលបាន៖ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងចំនួន ១៧០កេស, មណ្ឌលព្យាបាលកូវីដ-១៩ ខេត្តបាត់ដំបង ចំនួន ១៣៥កេស, មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំនួន ៧០កេស , មន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ ចំនួន ៤០កេស, មន្ទីរពេទ្យបង្អែកស្រុកថ្មគោល ចំនួន ៥០កេស, មន្ទីរពេទ្យបង្អែកស្រុកសង្កែ ចំនួន ៣០កេស, មន្ទីរពេទ្យបង្អែកស្រុកបវេល ចំនួន ៣៥កេស និងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនចំនួន ៧០កេស ៕