(ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិលកម្ពុជានិងចិន មូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ (CFPA) បានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន ១៥០០០តេស្ត នាខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដើម្បីចែកជូនដល់រដ្ឋបាលខេត្ត និងអង្គការសង្គមកម្ពុជា។

វ.ស.ស. បានផ្តល់ជូនឧបករណ៍តេស្តរហ័សដល់រដ្ឋបាលខេត្តចំនួន៩ រួមមានខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តទាំងនេះ។ ជាមួយគ្នានេះ វ.ស.ស. ក៏បានផ្តល់ឧបករណ៍តេស្តរហ័សដល់អង្គការដៃគូសហប្រតិបត្តិការចំនួន៧ ផងដែរ។

លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាសម្រាប់ចែកជូនដល់រដ្ឋបាលខេត្ត ក៏ដូចជាអង្គការសង្គមស៊ីវិលនាពេលនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមសហគមន៍។

លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានបញ្ជាក់បន្ថែមថា ក្នុងតួនាទីជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា វ.ស.ស. តែងខិតខំប្រឹងប្រែងកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕