(រតនគិរី)៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលជួបជាមួយលោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅប្រទេសកម្ពុជា ជួបសម្តែងការគួរសម ដើម្បីជូនពរលោកអភិបាលខេត្តរតនគិរី និងជម្រាបលាក្រោយជិតបញ្ចប់អាណត្តិនៅកម្ពុជា។

ក្នុងជំនួបនារសៀលនេះ លោកឯកអគ្គរដ្ឋទូតឡាវ បានជម្រាបជូន អំពីគោលបំណងនៃការបំពេញបេសកកម្ម នៅលើទឹកដីខេត្តរតនគិរី គឺដើម្បីអបអរសាទរ និងជូនពរលោកញ៉ែម សំអឿនក្នុងឱកាស ដែលបានទទួលភារកិច្ចថ្មី ជាអភិបាលខេត្ត និងដើម្បីជម្រាបលាក្នុងឱកាសដែលរូបលោកនឹងបញ្ចប់អាណត្តិ នៅកម្ពុជានាពេលខាងមុខនេះ។

លោកឯកអគ្គរដ្ឋទូតឡាវក៏បានស្នើសុំការយោគយល់ពីលោកអភិបាលខេត្តដែលបានយកឱកាស នៃការឈប់សម្រាកដើម្បីជួបសម្តែងការគួរសមនាឱកាសនេះផងដែរ។ លោកឯកអគ្គរដ្ឋទូតឡាវបន្តថា ក្នុងរយៈពេលកន្លងមក បើទោះបីជាមានបញ្ហាវិបត្តិកូវីដ-១៩ក្តី ប៉ុន្តែទំនាក់ទំនងរវាងឡាវនិងកម្ពុជាជាពិសេសបណ្តាខេត្តជាប់ព្រំដែននៅតែមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អទៅវិញទៅមកក្នុងនាមជាអ្នកជិតខាងល្អ។

លើសពីនេះទៅទៀត លោកអគ្គរដ្ឋទូតឡាវបានលើកឡើងថាខេត្តរតនគិរី មានប្រវត្តិជិតស្និទ្ធជាមួយឡាវ ដោយអតីតថ្នាក់ដឹកនាំមួយចំនួនបានចូលរួមក្នុងបដិវត្តន៍ នៅប្រទេសឡាវនាពេលកន្លងមក ជាមួយគ្នានេះ រាល់បេសកកម្មអ្នកការទូតគ្រប់ជាន់ថ្នាក់ មកកាន់ខេត្តរតនគិរី តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តរតនគិរី។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតឡាវ បានសម្តែងនូវការកោតសរសើរ ចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាកូវីដ-១៩ បានល្អ និងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានគ្រប់ដូស និងឈានដល់ការបើកប្រទេសឡើងវិញ ពីគ្រប់វិស័យ មិនតែប៉ុណ្ណោះបានចែករំលែកដល់ប្រទេសឡាវផងដែរ។លោកអគ្គរាជទូតឡាវជម្រាបជូនផងដែរ អំពីគោលបំណងនៃការពង្រឹងសមាគមកម្ពុជា-ឡាវ ដោយយកខេត្តជាប់ព្រំប្រទល់ជាសមាជិក។

ជាការឆ្លើយតបលោក ញ៉ែម សំអឿន បានសម្តែងនូវការអរគុណចំពោះលោកឯកអគ្គរដ្ឋទូតឡាវ ដែលឆ្លៀតពេលវេលាចូលជូនពរ និងជម្រាបលានាឱកាសនេះ។ លោកបន្តថា បញ្ហាកូវីដ-១៩ បានធ្វើឱ្យបង្ករការលំបាកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយប្រពៃណីនេះ មានតាំងពីដើមមករវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សំដៅលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធប្រកបដោយមនោសញ្ចេតនាល្អបំផុត។

លោក ញ៉ែម សំអឿន បានលើកឡើងថា បើទោះបីជាលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិទៅ ប៉ុន្តែទំនាក់ទំនងជាប្រពៃណីរវាងខេត្តរតនគិរី និងខេត្តជាប់ព្រំដែនឡាវនៅតែបន្តដំណើការជាប្រក្រតី។ ទន្ទឹមគ្នានេះលោកក៏បានស្វាគមន៍ជានិច្ចចំពោះការអញ្ជើញមកកាន់ខេត្តរតនគិរី បន្ទាប់ពីបញ្ចប់អាណត្តិទោះក្នុងរូបភាពណាក្តី។ ឆ្លើយតបទៅនឹងការពង្រឹងសមាគមកម្ពុជា-ឡាវលោក ញ៉ែម សំអឿន សម្តែងនូវការគាំទ្រ ចំពោះការផ្តួចផ្តើមនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែប្រសើរឡើង។

ជាថ្មីម្តងទៀតលោកឯកអគ្គរដ្ឋទូតឡាវ បានថ្លែងអំណរគុណ និងសម្តែងនូវការជឿជាក់ចំពោះការដឹកនាំរបស់លោក ញ៉ែម សំអឿន នឹងកែប្រែមុខមាត់ខេត្តក្នុងអាណត្តិដឹកនាំ អាស្រ័យដោយភាពជាអ្នកដឹកនាំ និងអំណោយផលធម្មជាតិ អាកាសធាតុនៅខេត្តភាគឦសាននេះ៕