(ភ្នំពេញ)៖ ប្រតិបត្តិការរយៈពេល៣ថ្ងៃ ជនសង្ស័យចំនួន០៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា «ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦៖១៥នាទី បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ វង្សកុសល ដោយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការសាកសួរចម្លើយជនសង្ស័យ លុះនៅវេលាម៉ោង១៩៖៥០នាទី ថ្ងៃខែឆ្នាំដដែល ផ្អែកលើចម្លើយរបស់ជនសង្ស័យ កម្លាំងបានបន្តចុះធ្វើការឆែកឆេរបន្ទប់ជួលមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ យី ណារ៉េត នៅចំណុចបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងឃាត់ខ្លួនជនសង្ស័យចំនួនចំនួន០៥នាក់ ស្រី០២នាក់ រួមជាមួយវត្ថុតាង»។

លោកវរសេនីយ៍ឯក បានបន្តថា នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្តធ្វើការសាកសួរចម្លើយជនសង្ស័យ លុះដល់វេលាម៉ោង២២៖០៥នាទី កម្លាំងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងវត្ថុតាង។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង ជារបស់ឈ្មោះ សុខ វង្សកុសល, ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ដាវដែក ចំនួន០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ ជារបស់ឈ្មោះ យី ណារ៉េត, ៣ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំល្មម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង ជារបស់ឈ្មោះ ហ៊ូ លីហេង។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕