(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ អញ្ជើញសាកសួរសុខទុក្ខ និងចែកអំណាយ ជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាលនាឱកាសនោះ លោកតំណាងរាស្ត្រ បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោក រ៉ូហ្វី អូស្មាន់ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី ។

បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលលោកក៏បានថ្លែងអំណរគុណដល់លោក រ៉ហ្វី អូស្មាន់ ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា និងជានិច្ចកាលតែងតែចូលរួមអភិវឌ្ឍសហគមន៍ឲ្យមានការរីកចម្រើនជានិរន្តរ៍។

ក្រោយពីកម្មវិធីសំណេះសំណាល ក៏មានកម្មវិធីប្រគល់ដំណាប់ល្មើចំនួន ៣០កេស ស្មើនឹង២៤០ដុំ គម្ពីរអាល់គួរអាន ៥កេស ស្មើនឹង២០០ក្បាល ឈុតកាហ្វាន់ ៥កេស ស្មើនឹង ៩០ឈុត ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរសជននៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតតាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការជាមួយសមាគមន៍សម្ព័ន្ធយុវជនកម្ពុជា ដែលស្ថិតនៅវិហារធំភូមិច្រករមៀត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកកម្មវិធីក៏បានប្រគល់ថវិកាហ្សាកាត់ និងអំណោយជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារផ្សេងទៀតដែលមានទីតាំងស្ថិតនៅ វិហារនូរុលអុីម៉ាន ភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកពីការឧបត្ថម្ភ របស់សប្បុរសជនអារ៉ាប់រួម អេមីរ៉ាត់តាមរយៈ លោក ហុីម កំរី៕