(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ និងលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីសំណេះសំណាល និងប្រគល់អំណោយនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកឱក ប៊ុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងកូនចៅ ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលស្រឡាញ់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងតែងតែគិតគូរយកចិត្តសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេស ដោយតែងតែខ្វល់ខ្វាយណាស់ បារម្ភពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បានគ្រប់គ្រងបានយ៉ាងល្អបំផុតមិនឱ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ។ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋទូទាំងនគរកម្ពុជាឱ្យជៀសផុតនូវគ្រោះកម្មនៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកបណ្ឌិតបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជិត៣០ឆ្នាំមកហើយ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ និងមានសុខសន្តិភាពពេញលេញ។ ក្នុងជំនាន់សម្តេចតេជោ ប្រទេសកម្ពុជាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ អគារខ្ពស់ៗ កាលពីមុនគ្មានអគារខ្ពស់ទេ តែឥឡូវមានអគារខ្ពស់ៗ មានផ្លូវថ្នល់ខ្វាត់ខ្វែង និងស្ពានឆ្លងទន្លេ មានចំនួន ១២ ក្នុងនោះមានស្ពានស្ទឹងត្រង់មានប្រវែង ១,១៣១ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ ចំណាយថវិកាសាងសង់អស់ ៥៦លាន ៤២ម៉ឺនដុល្លារនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែកវិស័យអប់រំវិញអនុវិទ្យាល័យ ឥឡូវនេះមានដល់ឃុំ ពីមុនទាល់តែខេត្តបានមានអនុវិទ្យាល័យសម្តេចតេជោបានកសាងសាលា គឺរាប់ភ្លេច។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារជំងឺកូវីដ១៩ និងថវិកា ចែកជូនអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ២០០គ្រួសារដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកក្រូច១កេស, ម៉ាស់១០ បន្ទះ, ជែល១ដប សារ៉ុង១ និងថវិកា ២ម៉ឺនរៀល។

នាឱកាសនោះដែរក៏មានសំណើរចំនួន៥ ដែលសរុបថវិកាដែលត្រូវឧបត្ថម្ភមានចំនួន១៥,៧១០ដុល្លារអាមេរិក៕