(កំពត)៖ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានស្នើឱ្យមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹង វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការ។

ការស្នើបែបនេះរបស់លោក ម៉ៅ ធនិន និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសិតបូកគោ នៃសាលាខេត្តកំពត ដោយមានចូលរួមពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។

លោកអភិបាលខេត្តកំពត ក៏បានប្រាប់ដល់មន្ត្រីទាំងអស់ ត្រូវបង្កើនស្មារតីស្នេហាជាតិ រក្សាសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ ចេះពង្រឹង និងបង្កើនសមត្ថភាព លទ្ធភាព បទពិសោធ ដើម្បីធ្វើជាជនគំរូ ពិសេសមន្ត្រីមិនត្រូវប្រើតំណែងតួនាទីរបស់ខ្លួន ធ្វើឱ្យពលរដ្ឋឈឺចាប់ ឬអស់សង្ឃឹមនោះទេ។

លោក ម៉ៅ ធនិន ក៏បានស្នើមន្ត្រីទាំងអស់ ត្រូវយកគ្រាប់ពូជន៍ល្អៗ គំនិតល្អ ទម្លាប់ល្អ គំរូល្អ វីរភាពដឹកនាំល្អ ដែលរូបលោកនៅពេលនេះ បានចែករំលែក ជូនទៅសាបព្រោះបន្តដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងតបស្នងគុណតម្លៃនៃសន្តិភាពដែលសម្តេចតេជោស្វែងរកយកមកទាំងលំបាក និងតបស្នងកេរដំណែលដូនតាយើង ដែលបានបន្សល់ទុកនូវ វប្បធម៌ អរីយធម៌ ទំនាមទម្លាប់ប្រពៃដ៏ផូរផង របស់សង្គមជាតិខ្មែរយើង ហើយថ្នាក់ដឹកនាំ ត្រូវធ្វើជាជាគំរូល្អ លើកតម្កើនតម្លៃនៃសីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងភាពសុខសាន្តសង្គមជាតិទាំងមូល។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍ ដែលបានមកពីការយកជីវិតទៅប្តូរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះឱ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយៗរបស់យើង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ម៉ៅធនិន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគ ជូនដល់អស់លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ប្រមាណ ២៥០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, មី១កេស និងត្រីខ ១យួរ៕