(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា « ការបើកប្រទេសទទួលទេសចរវ៉ាក់សាំងដោយមិនបាច់ធ្វើចត្តាឡីស័ក បញ្ជាក់ពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់កម្ពុជា»។ វីដេអូនេះមានរយៈពេលជាង១២នាទី។

វីដេអូបានរំលេចនូវជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យនេះ គឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំសំរាប់បើកដំណើរការប្រទេសឡើងវិញ ជាពិសេសគឺទេសចរបរទេស ដោយចាប់ពីថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ ២០២១តទៅ ទាំងជនបរទេសទាំងជនជាតិខ្មែរដែលបានចាក់វ៉ាក់សាំងពេញលេញ និងដែលចង់ធ្វើដំណើរមកប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នឹងមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតឡើយ ហើយក៏មិនចាំបាច់ធ្វើតេស្តម៉ាស៊ីន ភីស៊ីអ ដែរ ដោយគ្រាន់តែធ្វើតេស្តរហ័សគឺជាការស្រេច។ នេះគឺជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា។

ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដូច្នេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយជោគជ័យទាំងនេះអាចកើតមានឡើងបាន ក៏ដោយសារតែកម្ពុជាមានភ័ព្វសំណាងដែលមានប្រមុខដឹកនាំដ៏ឆ្លាតវៃ និងឈរដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងរឹងមាំនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំង ជាមួយជំងឺដ៏កាចសាហាវប្រចាំសតវត្សរ៍។

ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែង និងដោយក្តីរំភើបចំពោះសមិទ្ធផលទាំងនេះ និងកាន់តែមានជំនឿជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការបន្តដំណើរការស្តារនិងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញក៏ដូចជាការបន្តលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាលំដាប់ក្រោមម្លប់នៃសុខសន្តិភាព។ សូមទស្សនាវីដេអូដូចតទៅ៖