(ភ្នំពេញ)៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ នឹងធ្វើពហិកាក្នុងការចូលរួមប្រជុំរដ្ឋសភា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ដែលមានរបៀបវារៈពិភាក្សាករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តសៀមរាប។ នេះបើតាមការប្រកាសរបស់ លោក អេង ឆៃអ៊ាង សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ នៅលើ Facebook ។

ខណៈពេលនេះគណបក្សសង្រ្គោះជាតិ កំពុងធ្វើសន្និសីទមួយដើម្បីបង្ហាញពីគោលជំហររបស់ខ្លួន ចំពោះការចាប់ខ្លួន លោក អ៊ុំ សំអាន របស់សមត្ថកិច្ច។ សន្និសីទនេះនឹងមានការចូលរួមពី លោក អេង ឆៃអ៊ាង និងលោក សុន ឆ័យ ដែលជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាអំពីរឿងនេះដែរ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង៕