(សៀមរាប)៖ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដឹកនាំក្រុមការងារអនុសាខា សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ នាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសាររងគ្រោះ ភ្លើងឆេះផ្ទះឈ្មោះ ឡាន់ ឡុន ភេទស្រី អាយុ ៤៤ឆ្នាំ មានសមាជិកគ្រួសារចំនួន ០៣នាក់ ស្រី ០២នាក់ នៅភូមិក្រសាទុំ ឃុំដំដែក និងរងរបួសម្នាក់ឈ្មោះ សែ ឈៀងម៉ៃ ភេទស្រី អាយុ ១៩ឆ្នាំត្រូវជាកូន។

អំណោយដែលផ្តល់ជូននៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ រួមមាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស មុង១ ភួយ១ ក្រមា១ សារ៉ុង១ កៅស៊ូតង់១ ធុងទឹក១ ចានបាយ៥ ចានសម្លរ៥ បោយដងទឹក១ វែកបាយ វែកសម្លរ ឆ្នាំងខ្ទះ១ ចានដែកធំ១ ធុងទឹកក្ដៅ១ កំសៀវ១ ចង្អើរអាំងត្រី១ កាទឹក២ ឆ្នាំងដាំបាយ២ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៥យួរ ម៉ាស់ ៣ប្រអប់ និងថវិកាចំនួន ១០០.០០០រៀល។

នាឱកាសនោះ លោក ម៉ក់ ប្រុស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។

លោកអភិបាលស្រុក ក៏បានណែនាំប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រេងសាំង និងកំប៉ុងហ្គាស ព្រោះជាហេតុបង្កឲ្យមានអគ្គិភ័យដោយស្មានមិនដល់ ហើយសូមថែរក្សាសុខភាពខ្លួន ប្រសិនបើមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។

លោក ម៉ក់ ប្រុស ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមសហកាការពារ ទប់ស្កាត់ជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ»៕