(កំពត)៖ គណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ ទប់ស្កាត់គ្រឿងញៀននិងអេដស៍ ព្រោះថា បញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ។

ការជំរុញនេះធ្វើឡើងសិក្ខាសាលាស្តីពីការតាមដានវឌ្ឍនភាពនៃការអនុវត្ត ប្រកាសលេខ ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីជូនដំណឹងលេខ០០៨ របស់រោងចក្រ-សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តដេីម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍នៅកន្លែងធ្វេីការ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធពីចម្ងាយ ពីអ្នកពាក់ព័ន្ធក្នុងវិស័យការងារនៅខេត្តកំពត កែប កោះកុង ព្រះ សីហនុ និងខេត្តតាកែវ នាថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមការអនុវត្តន៍តាមផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍របស់គណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន ។

លោកស្រី ម៉ៅ ធីតា អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រាប់ពីគោលបំណងសិក្ខាសាលាថា ដេីម្បីពង្រឹងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ បំប៉នចំណេះដឹងឆ្លើយតបថ្មីនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចែករំលែកព័ត៌មានឆ្លេីយតបជំងឺអេដស៍ និងគ្រឿងញៀន និងពង្រឹងការចូលរួមរបស់មន្ទីររោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្នុងការអប់រំផ្សព្វផ្សាយបញ្ហាសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត។

ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: ពិសេសគណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន ដែលបានយកចិត្តទុកដាក់ដល់សុខភាពនិយោជក និយោជិត ឱ្យចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន-អេដស៍ នាំសុវត្ថិភាពទាំងកន្លែងធ្វេីការ និងសហគមន៍ និងបានជម្រាបជូនពីចំណេះដឹងឆ្លេីយតបបញ្ហាគ្រឿងញៀន និងសភាពការណ៍គ្រឿងញៀនដែលបន្តស្មុគស្មាញក្នុងដំណាក់កាលកម្ពុជារួមជាមួយប្រទេសលេីលោកបាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានកោតសសេីរដល់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺគ្រឿងញៀន-អេដស៍ ថ្នាក់មន្ទីរខេត្តទាំង៥ ដែលបានខិតខំអនុវត្តផែនការការងាររបស់ខ្លួនទទួលបានលទ្ធផលល្អ និងបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារតាមផែនការ ព្រោះថា បញ្ហាគ្រឿងញៀន-អេដស៍ប៉ះពាល់ដល់កម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ៕