(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសាជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺចំថ្ងៃដំបូងនៃព្រះពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។

ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី លោករដ្ឋមន្ត្រីបានបញ្ជាដល់កងកម្លាំងគ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយ ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅ និងដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសាជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដីពង្រឹងកម្ពស់តួទំនប់នាពេលជំនន់កន្លងមក។

រហូតដល់ព្រឹកម៉ោង៦ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ស្ថានភាពនៅទំនប់៧មករា ទឹកមានកម្ពស់៥.០៥ម៉ែត្រ ទឹកហូរលើទំនប់បង្ហៀ០.២៥ម៉ែត្រ។

ឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពី១.១០ម៉ែត្រទៅ១.៤០ម៉ែត្រ៕