(ភ្នំពេញ)៖ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា លោក ខាន់ ខុន បានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ទាំងពុទ្ធចក្រ និងអាណាចក្រឲ្យបានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។

លោកថ្លែងយ៉ាងដូច្នេះក្នុងពេលចុះប្រគល់អគារប្រជុំចំនួន២ខ្នង អណ្ដូងទឹកស្អាតចំនួន៣០អណ្ដូង និងផ្តល់អំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត១៩០គ្រួសារក្នុងសកម្មភាព៤ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៤-១៥-១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ខាន់ ខុន បានលើកឡើងថា សមិទ្ធផលទាំងនេះ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អ រួមជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្តេត Bema Real Estate co.Ltd និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោកផ្ទាល់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងពេលរីករាដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ យកចិត្តទុកដាក់រក្សាសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ។

ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី កងកម្លាំង រួមជាមួយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន ក្រុមហ៊ុនប៊ីម៉ារៀលអ៉ីស្ទេត និងគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កម្មវិធីប្រគល់សមិទ្ធផលទាំងនេះ រួមមាន៖

* ខេត្តកំពង់ស្ពឺជូនដល់រដ្ឋបាលខេត្តអង្ករ១តោន មី៥០កេស អណ្ដូងទឹកស្អាតចំនួន១០អណ្ដូង និងអំណោយប្រជាពលរដ្ឋ៤០គ្រួសារ។

* ខេត្តឧត្តរមានជ័យ អគារប្រជុំចំនួន២ខ្នងទំហំ ៦ម៉ែត្រគុណ១២ម៉ែត្រ នៅបញ្ជាការដ្ឋានរថក្រោះប្រចាំទិសជួរមុខ ជប់គគី និងតាមាន់ អណ្ដូងទឹកស្អាតចំនួន២០អណ្ដូង។

* ខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋអំណោយ៥០គ្រួសារ រទេះជនពិការ៤គ្រឿង។

* ខេត្តរតនគិរី ប្រជាពលរដ្ឋអំណោយ១០០គ្រួសារ រទេះជនពិការ១គ្រឿង

រីឯសម្ភារៈមានអង្ករ២០គីឡូក្រាម មី១កេះ ភួយ១ មុង១ ត្រីខ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម អាហារូបត្ថម្ភ១០គីឡូក្រាម៕