(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានយកពេលបន្ដិចមុនដំណើរការសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៉ី-អឺរ៉ុប (ASEP) លើកទី១១ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណកាលទៅ។

លោក ហ៊ុន ម៉ានី បានអះអាងថា ការរក្សាភាពស្ងៀមស្ងាត់រយៈពេល៥វិនាទីនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មុនពេលទទួលមរណភាពទៅ មានតួនាទីជា ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពរបស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានបញ្ចុះហើយនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាស្រុកកំណើតផ្ទាល់របស់សព៕