(ភ្នំពេញ)៖ សមាជិកសពអ្នកជំងឺកូវីដ-១៩ ចំនួន១៣គ្រួសារទៀត រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដែលជាអំណោយសមធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន។

សកម្មភាពសមធម៌នេះ បានរៀបចំធ្វើឡើង ក្រោយពីសមាជិកសពអ្នកជំងឺកូវីដ-១៩ ចំនួន១៥គ្រួសារផ្សេងទៀត រស់នៅ (២សង្កាត់) សង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី២ បានទទួលគ្រឿងឧបភោគ បរិភោគ និងថវិកា នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ ពោលគឺមានចំនួនសរុប២៨គ្រួសារហើយ។

លោក ឯក ឃុនដឿន នៅតែបន្តទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃ និងសាប៊ូឱ្យបានញឹកញាប់ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ បើទោះជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាការផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សមាជិកសពអ្នកជំងឺកូវីដ-១៩ សរុបទាំង២៨គ្រួសារនេះ បានថ្លែងអំណរគុណ និងសូមជូនពរផងដែរ ចំពោះសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក ឯក ឃុនដឿន និងមន្ត្រីក្រោមឱវាទ បន្ទាប់ពីទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមរំលែកទុក្ខ និងសម្រួលដល់ជីវភាពមួយចំនួន រួមមានក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសុីអុីវ១យួរ និងថវិកា ២,០០០,០០០រៀល៕