(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំACMECS (កិច្ចពិភាក្សាយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទីបី) តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមកិច្ចសម្របសម្រួលពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីវិធីផ្តល់គុណតម្លៃជាយុទ្ធសាស្ត្រដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការACMECS ក្នុងការបំពេញបន្ថែមដល់យន្តការអនុតំបន់ផ្សេងទៀត ក៏ដូចជាដើម្បីប្រមូលធាតុចូល និងមតិយបល់ពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការពិនិត្យពិចារណាមុនកិច្ចប្រជុំឧត្តមមន្ត្រី ACMECS។

ថ្លែងសន្ទរកថាទៅកាន់អង្គប្រជុំលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ ACMECS ក្នុងការជួយបំពេញបន្ថែមទៅលើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនិងបញ្ហាអាទិភាពដែលជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលលោកបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបជូនថា៖ ACMECS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ មានប្រទេសជាសមាជិកចំនួន៥ រួមមាន៖ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណងតភ្ជាប់គម្លាតសេដ្ឋកិច្ចក្នុងចំណោមប្រទេសទាំងអស់ជាសមាជិក និងលើកកម្ពស់វិបុលភាពនៅក្នុងអនុតំបន់ប្រកបដោយនិរន្តរ ភាព។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ ត្រូវបានរំពឹងថា នឹងដើរតួជាប្លុកអភិវឌ្ឍន៍ និងជំរុញអាស៊ានឱ្យឆ្ពោះទៅមុខក្នុងល្បឿនកាន់តែលឿនដោយឈរលើមូលដ្ឋានរឹងមាំនិងពឹងផ្អែកលើខ្លួនឯង និងវិបុលភាពរួមគ្នា៕