(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨% ។

ក្នុងសីទសារព័ត៌មាន ស្ដីពី «វិធីសាស្ត្រថ្មីសម្រាប់គណនា អត្រាភាពក្រីក្រនៅកម្ពុជា និងអាត្រាភាពក្រីក្រឆ្នាំ២០២០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឆាយ ថន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨%»

បើតាមរដ្ឋមន្ត្រីក្រសួងផែនការ, ជាទូទៅ ដើម្បីវាស់វែងភាពក្រីក្រ ចាំបាច់ត្រូវកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។ ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ជាលើកដំបូងនៅឆ្នាំ១៩៩៧ ដោយប្រើប្រាស់ទិន្នន័យពីអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។ ក្រោយមក ដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញ សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០០៩។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។

ជាថ្មីម្តងទៀត សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំង និងបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ដែលធ្វើឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់សម្រាប់តម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេស របស់ក្រុមជនក្រីក្រ ដូចជា ការចំណាយច្រើនជាងមុនលើ ការសិក្សា, សុខភាព, លំនៅឋាន, ទូរស័ព្ទផ្ទាល់ខ្លួន និងអ៉ិនធឺណិតជាដើម។ ហេតុដូចនេះ ដោយយល់ឃើញថា ខ្សែបន្ទាត់ភាពក្រីក្រដែលកំពុងប្រើប្រាស់ គឺលែងសមស្របជាមួយនឹងភាពប្រសើរឡើង នៃស្ថានភាពសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងផែនការដោយមានការគាំទ្របច្ចេកទេសពីធនាគារពិភពលោក បានពិនិត្យមើលឡើងវិញ និងកែសម្រួលវិធីសាស្រ្តសម្រាប់ការកំណត់ខ្សែបន្ទាត់ភាពក្រីក្រនៅកម្ពុជា ដោយអនុលោមតាមឧត្តមានុវត្ត-អន្តរជាតិ។

ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលនៃការប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្ត សម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត៖

* (១)៖ កែសម្រួលបញ្ជីសំណួរ សម្រាប់អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរ ជាងមុនស្តីពីការប្រើប្រាស់ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់និងតម្លៃនៃមុខទំនិញនីមួយៗ

* (២)៖ ធ្វើការកែសម្រួលឱ្យបានជាវិធីសាស្រ្តមួយ ដែលស្របទៅនឹងឧត្តមានុវត្តអន្តរជាតិ។ វិធីសាស្ត្រដែលកែសម្រួលនេះបានផ្តោតលើចំណុចសំខាន់ៗចំនួនពីរគឺ៖ (ក)
បង្កើតការចំណាយប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូលនូវតម្លៃប៉ាន់ស្មានការប្រើប្រាស់សម្ភារប្រើប្រាស់បានយូរ តម្លៃប៉ាន់ស្មានថ្លៃជួលផ្ទះ និង (ខ) ការអនុវត្តវិធីសាស្ត្រចំណាយលើតម្រូវការមូលដ្ឋាន និងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។

ផ្អែកលើវិធីសាស្រ្តដែលបានកែសម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០,៩៥១រៀល ក្នុងម្នាក់ ក្នុងមួយថ្ងៃ។ ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនេះ ខ្សែបន្ទាត់ភាពក្រីក្រ តាមតំបន់មានដូចខាងក្រោម៖

* ១០,៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ,
* ៩,៥៧១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត, និង
* ៨,៩០៨រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ នៅតំបន់ជនបទ។

«ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត ១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨%»។ នេះបើតាមលោក ឆាយ ថន។

លោកបន្តថា អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលកូវីដ-១៩ លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ, ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការណ៍ការរឹតបន្ដឹងនានាត្រូវបានអនុវត្ត៕