(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ចាស់ជរា ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយជំងឺអេសដ៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងអ្នកទីទ័លក្រ សរុបចំនួន ៦០គ្រួសារ មកពី ១០ឃុំ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានថ្លែងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានផ្តាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពី ជំងឺកូវីដ-១៩ នេះឱ្យសោះត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ»។

សូមលបញ្ជាក់ដែរថា អំណោយដែលបានផ្តល់ជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់១ ឃីត (មុង ភួយ សារ៉ុង ក្រម៉ា) និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល និងបានប្រគេននូវទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តរោទិ៍ ផងដែរ៕