(ភ្នំពេញ)៖ ក្រសួងផែនការ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មី ដោយប្រើប្រាស់ ទិន្នន័យពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន ១០,៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។

ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ខ្សែបន្ទាត់ភាពក្រីក្រតាមតំបន់មានដូចខាងក្រោម៖

* ១០,៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ
* ៩,៥៧១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត និង
* ៨,៩០៨រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ

បើតាមសេចក្តីប្រកាសពព័ត៌មានដដែលបានឱ្យដឹងថា នៅតំបន់ជនបទ ប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ២០១៩-២០២០ ក្នុងនោះអត្រាភាពក្រីក្រនៅ៖

* រាជធានីភ្នំពេញ ៤,២%
* តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦%
* តំបន់ជនបទ ២២,៨%

ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ដំបូងនៅឆ្នាំ១៩៩៧ ដោយប្រើប្រាស់ ទិន្នន័យពីអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។
ដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត ធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០០៩។

ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន (ដោយបានកែសម្រួលតាមកម្រិតអតិផរណា នៃថ្លៃទំនិញ ក្នុងឆ្នាំនីមួយៗ)។

ក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងមានការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក បានចាប់ផ្តើមពិនិត្យមើលនិងកែសម្រួលវិធីសាស្រ្តសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជាក្នុងឆ្នាំ២០១៧។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការពិនិត្យមើលឡើងវិញនេះ បានចង្អុលបង្ហាញថាការអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជា ក្នុងទសវត្សរ៍កន្លងទៅធ្វើឱ្យមានការប្រែប្រួលគួរឱ្យកត់សម្គាល់ នូវការចំណាយលើការប្រើប្រាស់ ដូចជាការចំណាយច្រើនជាងមុនលើការសិក្សា, សុខភាព, លំនៅឋាន, ទូរស័ព្ទផ្ទាល់ខ្លួន និងអឺនធឺណិត ដើម្បីបំពេញតាមតម្រូវការមូលដ្ឋាន រួមទាំងការចំណាយលើការប្រើប្រាស់របស់ក្រុមជនក្រីក្រផងដែរ។

បន្ថែមលើនេះទៀត កម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ដោយមានផលទុនជាតិសរុបក្នុងមនុស្សម្នាក់ ១,០៧០ដុល្លារ ក្នុងឆ្នាំ២០១៥ ដែលខ្ពស់ជាងកម្រិតអប្បរមារបស់ប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ១,០២៥ដុល្លារ។ ភស្តុតាងទាំងនេះបញ្ជាក់ថា កម្ពុជាគួរមានខ្សែបន្ទាត់ភាពក្រីក្រថ្មី សម្រាប់ប្រើប្រាស់ជាចំណុចចាប់ផ្ដើម ដើម្បីតាមដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ និងលទ្ធផលនៃការសម្រេច បានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០។

ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួល នៃការចំណាយលើការប្រើប្រាស់របស់ក្រុមជនក្រីក្រ និងធ្វើឱ្យប្រសើរឡើងវិធីសាស្រ្តសម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត៖ (១) កែលម្អកម្រងសំណួរការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរជាងមុន ស្តីពីការប្រើប្រាស់ម្ហូបអាហារ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់នៃមុខទំនិញនីមួយៗ (២) កែសម្រួលវិធីសាស្រ្តសម្រាប់វាស់វែងភាពក្រីក្រ ដើម្បីឱ្យមានសង្គតិភាពទៅនឹងវិធីសាស្រ្តល្អៗ ដែលបានអនុវត្តនៅក្នុងតំបន់ និងសាកលលោក។

វិធីសាស្ត្រដែលកែសម្រួលនេះបានផ្តោតលើចំណុចសំខាន់ៗចំនួនពីរគឺ៖ (ក) បង្កើតការចំណាយលើការប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូលនូវតម្លៃប៉ាន់ស្មានថ្លៃជួលផ្ទះ និងតម្លៃប៉ាន់ស្មានការប្រើប្រាស់សម្ភារប្រើប្រាស់បានយូរ និង (ខ) ការអនុវត្តវិធីសាស្រ្តចំណាយលើតម្រូវការមូលដ្ឋាននិងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ១៩។ ការរីករាលដាលកូវីដ១៩ លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមពីដើមឆ្នាំ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ លើវត្ថុធាតុដើមសម្រាប់ការផលិតផលិតផលនាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ប៉ុន្តែផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការណ៍ការរឹតបន្ដឹងនានាត្រូវបានអនុវត្ត៕