(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយក្រើនរំលឹកដល់ម្ចាស់យានយន្ត ឱ្យប្រញាប់រួសរាន់ ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តយន្តគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយនគរបាលចរាចរណ៍ ធ្វើការត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនេះ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់យាន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យាន្តយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយទេ។ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់យាន្តយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់ដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារជេត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារប្រៃសណីយ៍កម្ពុជា ឬធនាគារណាមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App»

ដោយឡែកយាន្តយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ៕