(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ជាបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

ការបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នេះ គឺដើម្បីកំណត់ការប្រជុំពេញអង្គរបស់រដ្ឋសភា ដែលគ្រោងនឹងធ្វើនៅម៉ោង៤៖០០រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីបោះឆ្នោតអនុម័ត ថាតើឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ លោក អ៊ុំ សំអាន ឬយ៉ាងណា? ។ តាមច្បាប់ ការបោះឆ្នោតដើម្បីឱ្យតុលាការបញ្ឈប់នីតិវិធី លើតំណាងរាស្រ្តណាម្នាក់ ត្រូវការសំឡេង ៣ភាគ៤ នៅក្នុងរដ្ឋសភា។

សូមបញ្ជាក់ថា លោក អ៊ុ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង៕