(ត្បូងឃ្មុំ)៖ លោក ជា ចំណាន ក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំក្រែក ខេត្តត្បូងឃ្មុំ បានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវបំពេញតួនាទីឱ្យបានល្អ គឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ ព្រមទាំងដោះស្រាយបញ្ហានានាឱ្យទាន់ពេលវេលា ដោយមានតម្លាភាព និងអព្យាក្រឹត។

ការណែនាំបែបនេះរបស់លោក ជា ចំណាន បានធ្វើឡើងនៅក្នុងឱកាសចុះសួរសុខទុក្ខ ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងនាំអំណោយមនុស្សធម៌ របស់លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកនាកំឡុងពេលរាតត្បាតដោយសារជំងឺកូវីដ១៩ ចំនួន៤០គ្រួសារ។

លោក ជា ចំណាន ក៏បានជំរុញដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានក្រែក ត្រូវត្រៀមខ្លួនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ត្រូវគាំទ្រពេញចិត្ត ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូតពីជីវភាព លើកម្ពស់ជីវភាព និងបន្តអភិវឌ្ឍន៍ ជាបន្តបន្ទាប់។

បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់ដោយអំពាវនាវសូមឱ្យប្រជាពលរដ្ឋ សូមកុំជឿលើការញុះញង់ណាមួយពីសំណាក់ក្រុមជនអគតិមួយចំនួនដែលតែងតែផ្សព្វផ្សាយព័ត៌មានបំពុលសង្គម។ ប៉ុន្តែ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវមើលឱ្យឃើញនូវការជឿលឿន សុខសន្តិភាព ដែលប្រទេសកម្ពុជា ទទួលបានសព្វថ្ងៃនេះ ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដូច្នេះ សូមប្រជាពលរដ្ឋ ត្រូវចេះរួមសាមគ្គីភាពគ្នា ថែរក្សានូវអ្វីដែលមានដូចសព្វនេះឱ្យបានគង់វង្ស តជំនាន់។

សូមជម្រាបជូនថា អំណោយរបស់លោក វង សូត ដែលត្រូវផ្តល់ជូនគ្រួសារជួបការលំបាកចំនួន ៤០គ្រួសារ តាមរយៈលោក ជា ចំណាន រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៉ីវមួយយួរ, ទឹកត្រី មួយយួរ, ម៉ាស់ និងអាកុល។

ដោយឡែកគណបក្សប្រជាជនកម្ពុជាឃុំក្រែក ទទួលបាន៖ ម៉ាស់ ៥៣កេស, អាវភ្លៀង, តេស្តរហ័ស, ប្រដាប់វាស់កម្តៅ៣៣, ស័ង្កសី ចំនួន៥០០បន្ទះ និងថវិកាមួយចំនួនផងដែរ៕