(បាត់ដំបង)៖ បន្ទាប់ពីទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង៣៖៥២នាទីយប់ទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី សពព្រះគ្រូអគ្គជោតោ ស្រី លី ព្រះវិន័យធរអនុគណក្រុងបាត់ដំបង និងជាព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ យកទៅបូជានៅស្រុកកំណើត ស្ថិតក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយបូជាចប់រួចរាល់បានគន្លងព្រះពុទ្ធសាសនា ធាតុរបស់ព្រះអគ្គជោតោ ស្រី លី ត្រូវបានចាត់ចែងយកទៅបុណ្យបន្ដទៀត នៅក្នុងវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយៈពេល៧យប់ ៧ថ្ងៃ ដើម្បីជាការគោរពបូជា និងជាការជូនដំណើរលោកតាជាលើកចុងក្រោយពីសំណាក់ក្រុមគ្រួសារ ពុទ្ធបរិស័ទ ដែលតែងគោរពស្រលាញ់លោកតា ស្រី លី។

ពិធីបុណ្យរយៈពេល៧យប់ ៧ថ្ងៃនេះ មានការរៀបចំចាត់ចែងដោយ ថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង, អនុគុណក្រុងបាត់ដំបង និងព្រះសង្ឃ គណៈកម្មការវត្តពោធិ៍ក្នុង។ ដោយឡែក បើមិនមានអ្វីប្រែប្រួលនោះទេ នឹងមានការដង្ហែរធាតុរបស់ ព្រះគ្រូអត្តជោតោ ស្រី លី នៅក្នុងក្រុងបាត់ដំបងផងដែរ។

ព្រះអគ្គជោតា ស្រី លី ត្រូវបានប្រជាពលរដ្ឋជាច្រើនទាំងក្នុង និងក្រៅប្រទេសគោរពស្រលាញ់លោកតា ព្រមទាំងចាត់ទុកថា លោកតាជាបិតាសង្ឃមួយអង្គមានព្រហ្មវិហារធម៌ចំពោះកូនចៅ និងបរិស័ទ ជាពិសេសលោកតាបានចិញ្ចឹមបញ្ញវន្ដសង្ឃ និងសិស្សជាច្រើនណាស់រាប់មិនអស់នោះទេ ហើយអ្នករស់នៅក្រោមម្លប់លោកតា សុទ្ធតែត្រជាក់ចិត្តគ្រប់រូប ដូច្នេះពួកគាត់សោកស្ដាយខ្លាំងណាស់ តែមិនអាចហាមមច្ចុបាន។

៧ចំណុច ស្គាល់ដែលធ្វើឲ្យលោកអ្នក ស្គាល់ព្រះអគ្គជោតា ស្រី លី៖

*ទី១៖ បញ្ចប់បាក់ឌុបភាសាបាលីទាំងវ័យចំណាស់
*ទី២៖ ស្រលាញ់ព្រះសង្ឃដែលសិក្សារៀនសូត្រ និងបដិបត្ដិធម៌វិន័យល្អ
*ទី៣៖ ជាព្រះថេរៈដែលមានវស្សាច្រើន មានអត្តចរិកថ្លៃថ្នូរ ស្រគត់ស្រគំនៅក្នុងធម្មវិន័យ
*ទី៤៖ យកព្រះទ័យទុកដាក់រឿងបរិស្ថានក្នុងវត្ត ធ្វើឲ្យវត្តស្អាតជាប្រចាំ
*ទី៥៖ គ្រប់គ្រងព្រះសង្ឃក្នុងវត្តដោយព្រហ្មវិហារធម៌
*ទី៦៖ មិនស្រវាស្រទេញរឿងលាភយសសក្ការៈឋានៈតួនាទី
*ទី៧៖ គោរព និងឲ្យតម្លៃព្រះសង្ឃដទៃទោះមានវស្សាខ្ពស់ ឬទាប ជាភិក្ខុ ឬសាមណេរ។

សូមជម្រាបថា លោកតា ស្រី លី បានធ្លាក់ព្រះកាយអាពាធធ្ងន់ធ្ងរ (ក្អួតធ្លាក់ឈាម) ពេលនិមន្តមកលេងបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ី។

លោកតា ស្រី លី ជាព្រះសង្ឃមួយអង្គបានសាងផ្នួស តាំងពីសម័យសង្គមរាស្ត្រនិយមតាំងពីព្រះជន្ម ១៧ព្រះវស្សា។ លុះដល់របបខ្មែរក្រហមលោកតា ក៏ត្រូវបានចាប់ផ្សឹក ហើយពេលរបបខ្មែរក្រហមដួលរលំទៅ លោកតាក៏បានសាងផ្នួសជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺលោកតា បានផ្ញើខ្លួននឹងព្រះពុទ្ធសាសនាសឹងមួយជីវិត ហើយក៏បានចូលរួមកសាងក្នុងវិស័យព្រះពុទ្ធសាសនាក៏ច្រើនផងដែរ។ មូលហេតុនេះហើយ បានជាលោកតា ស្រី លី ជាព្រះសង្ឃ និងជាព្រះចៅអធិការ ដែលទទួលបានការគោរពស្រឡាញ់ខ្លាំងពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត៕